Feature

សន្និសីទ ICCOS កត់សម្គាល់ថា បណ្តាញឧក្រិដ្ឋជនបន្តសម្របខ្លួន ដោយធ្វើការបំបែកជាក្រុមតូចៗ

ភ្នំពេញ ៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានកត់សម្គាល់ថា បណ្តាញឧក្រិដ្ឋជនបន្តសម្របខ្លួន ដោយធ្វើការបំបែកជាក្រុមតូចៗ ព្រមទាំងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ « រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន សន្និសីទនេះ ក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលជាក់ស្តែងរបស់ប្រទេស កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរកម្ពុជា បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៨៣២ ទីតាំង។ អាជ្ញាធរបានបញ្ជូន សំណុំរឿងចំនួន ៤៤៦ ទៅតុលាការ ដោយមានជនសង្ស័យចំនួន ៣.៩២៧ នាក់ ត្រូវបានឃុំខ្លួន និងបានបណ្តេញ ចេញជនបរទេសចំនួន ២២.១៤២ នាក់ ដែលមាន ៣៨ សញ្ជាតិ។

សន្និសីទនេះ ក៏បានកត់សម្គាល់ផងដែរថា «បណ្តាញឧក្រិដ្ឋជននៅតែបន្តសម្របខ្លួន ដោយធ្វើការបំបែក ជាក្រុមតូចៗ ព្រមទាំងទាញយក ផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។ រាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា ការបង្ក្រាបតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋជន ចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការ»។

នាឱកាសតំណាងមកពីបណ្តាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានា ក៏បានចែករំលែកបទពិសោធជាតិ និង ឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការឆបោក ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតហិរញ្ញវត្ថុ គណនីអ្នកទទួល និងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្តាញឧក្រិដ្ឋជន បទល្មើសបច្ចេកវិទ្យា សេវាគាំទ្រនិងការការពារដែលផ្តោតលើ ជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនកាន់តែរឹងមាំ ស្របតាមច្បាប់ជាតិជាធរមាន និង លិខិតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធ និងដោយផ្អែកលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងគោរពអធិបតេយ្យជាតិ៕

To Top