លោក ឃួន ផុនរតនៈ ៖ ជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុន Hanil Electric វិនិយោគកម្ពុជា
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Lim Byungdon ប្រធានសវនកម្មផ្ទៃក្នុងនៃក្រុមហ៊ុន Hanil Electric Co., LTD. លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានលើកឡើងថា ជាពេលវេលាដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគបើករោងចក្រក្នុងប្រទេសកម្ពុជា ។
ការលើកឡើងបែបនេះរបស់លោកទូត ដោយសារបច្ចុប្បន្នកម្ពុជា កំពុងត្រូវការផលិតផលជាច្រើនមុខ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ហើយផលិតផលរបស់ក្រុមហ៊ុន Hanil ជាផលិតផល ដែលទីផ្សារកម្ពុជាកំពុងមានតម្រូវការចាំបាច់។

ក្នុងឱកាសនៃកិច្ចប្រជុំ លោក Lim បានប្រាប់ឯកអគ្គរាជទូតថា ក្រុមហ៊ុន Hanil Electric Co., LTD. ជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច បង្កើតឡើងក្នុងឆ្នាំ ១៩៦៤។ ក្រុមហ៊ុនបានសំឡឹងឃើញ ពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា និងមានបំណងបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា ដោយបានស្នើសុំស្ថានទូតនូវព័ត៌មានស្តីពី ស្ថានភាពទីផ្សារ ទីតាំងសមស្របសម្រាប់បង្កើតរោងចក្រ និងអត្ថប្រយោជន៍វិនិយោគ ជាដើម។

ជាមួយគ្នានឹងសំណើនេះ លោកទូត ក៏បានជម្រាបជូនតំណាងក្រុមហ៊ុន ដោយសង្ខេបអំពីសក្តានុពល និងអត្ថប្រយោជន៍វិនិយោគក្នុងប្រទេសកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ផងដែរ ៕


