ព័ត៌មានអន្តរជាតិ

លោក ត្រាំ រៀបចំពិធីលៀងសាយភោជន ផ្លូវការរដ្ឋជូនលោក ស៊ី ជីនពីង ខណៈភាពតានតឹង នៅតែបន្តលាក់កំបាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំពិធីលៀងសាយភោជនផ្លូវការរដ្ឋ យ៉ាងអធិកអធមជូនដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯសេតវិមាន កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្រឹត្តិការណ៍ទទួលស្វាគមន៍ពេញមួយថ្ងៃ ដែលបានបិទបាំងនូវភាពតានតឹង យ៉ាងជ្រាលជ្រៅ រវាងមហាអំណាចកំពូលទាំងពីរ នេះបើតាមការចេញផ្សាយពីសារេព័ត៌មាន​ Sky News ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីលៀងសាយភោជនដ៏សំខាន់នេះ មានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអាមេរិក ជាច្រើនរូប រួមមាន លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla, លោក Tim Cook នាយកប្រតិបត្តិ Apple, លោក Jensen Huang នាយកប្រតិបត្តិ Nvidia និងលោក Sam Altman នាយកប្រតិបត្តិ OpenAI។ វត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនយក្សទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) គឺជារបៀបវារៈកំពូលនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី។

ទន្ទឹមនឹងនោះ នៅខាងក្រៅសេតវិមាន ក្រុមបាតុករបានប្រមូលផ្តុំគ្នា និងស្រែកពាក្យស្លោកប្រឆាំង នឹងវត្តមានរបស់មេដឹកនាំចិន រួមទាំងការទាមទារ «សេរីភាពសម្រាប់ហុងកុង» ខណៈពេលដែលលោក ត្រាំ និងភរិយា មេឡានីញ៉ា (Melania) បានទទួលស្វាគមន៍លោក ស៊ី ជីនពីង និងភរិយា លោកស្រី ប៉េង លីយាន (Peng Liyuan)។

នៅក្នុងសុន្ទរកថា លោក ត្រាំ បានលើកឡើងថា ប្រទេសទាំងពីរបានឈានដល់ «វឌ្ឍនភាពដ៏ធំធេង» ខណៈដែលលោក ស៊ី ជីនពីង បានបង្ហាញជំហរប្រុងប្រយ័ត្នជាងមុន ដោយអំពាវនាវឱ្យចិន និងសហរដ្ឋអាមេរិក «រួមរស់ជាមួយគ្នាដោយសន្តិភាព»។ ជាមួយគ្នានោះ មេដឹកនាំចិនរូបនេះក៏បានគូសបញ្ជាក់ពីបន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងបញ្ហា AI បញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់ ដោយបានជំរុញឱ្យលោក ត្រាំ បង្ហាញពី «ភាពប្រុងប្រយ័ត្ន» លើកោះតៃវ៉ាន់ និងអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់តាមរយៈការចរចាឱ្យបានឆាប់រហ័ស។​ ក្នុងឱកាសនោះ លោក ត្រាំ ក៏បានជូនកាដូអនុស្សាវរីយ៍ជារូបសំណាកសត្វឥន្ទ្រី (Bald Eagle) ដែលជាអត្តសញ្ញាណជាតិរបស់អាមេរិក ដល់លោក ស៊ី ផងដែរ។

ទោះបីជាកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងអស្ចារ្យក្តី ក៏លទ្ធផលនៃការទម្លុះភាពទាល់ច្រកពីជំនួបនេះហាក់មានកម្រិតនៅឡើយ។ ភាពជោគជ័យបន្តិចបន្តួចដែលទទួលបាន គឺការយល់ព្រមបន្តបទឈប់បាញ់ផ្នែកពាណិជ្ជកម្មរយៈពេលពីរខែបន្ថែមទៀត រហូតដល់ខែមករា ដែលនេះជាការអនុម័តក្នុងរយៈពេលដ៏ខ្លី ផ្ទុយពីការរំពឹងទុករបស់ភាគីចិន ដែលចង់បានការបន្តរហូតដល់ទៅពីរឆ្នាំ។

ព្រឹត្តិការណ៍នៃការរៀបចំពិធីនេះ ក៏បានកើតឡើងស្របពេលដែលមានការកត់សម្គាល់ជុំវិញសេរីភាពសារព័ត៌មានផងដែរ។ ស្ថាប័នសារព័ត៌មានធំៗមួយចំនួន ដែលទើបតែត្រូវ បានរដ្ឋបាលលោក ត្រាំ បដិសេធមិនឱ្យចូលយកព័ត៌មាន នៅសេតវិមានកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះត្រូវបានអនុញ្ញាត ឱ្យចូលរួមយកព័ត៌មានវិញហើយ បន្ទាប់ពីមានអន្តរាគមន៍ដីកាបង្គាប់ពីតុលាការ ខណៈដែលលោក ត្រាំ នៅតែបន្តរក្សាជំហររិះគន់លើប្រព័ន្ធផ្សព្វផ្សាយ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង នឹងត្រូវបិទបញ្ចប់ នៅថ្ងៃសុក្រ ដោយមេដឹកនាំទាំងពីរគ្រោង នឹងទៅទស្សនាបណ្ណសារដ្ឋានជាតិអាមេរិក (US National Archives) ដែលជាកន្លែងតម្កល់ ឯកសារប្រកាសឯករាជ្យ របស់សហរដ្ឋអាមេរិក។

ប្រែសម្រួល​​​​​៖ គីរី​

To Top