ព័ត៌មានអន្តរជាតិ

ប្រភពជាច្រើនអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងជាដំណាក់កាលមួយ ដើម្បីបើកច្រកហ័រមូសឡើងវិញ

បរទេស៖ ប្រភពដែលដឹង ពីដំណើរការចរចាបានឱ្យដឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងញូវយ៉ក កំពុងស្វែងរកដំណោះស្រាយ ជាដំណាក់កាលដើម្បីបញ្ចប់សង្គ្រាម ដែលនឹងតម្រូវឱ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ និងឱ្យទីក្រុងវ៉ាស៊ីនតោនដកការរាំងខ្ទប់ផ្នែកសេដ្ឋកិច្ចលើអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់ នៃការចរចាដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអូសបន្លាយពេលជិត ៧ ខែមកហើយ។ អ៊ីរ៉ង់ចង់ឱ្យមានការបន្ធូរបន្ថយការរាំង ខ្ទប់ពីសំណាក់សហរដ្ឋអាមេរិក ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យមានការធ្វើដំណើរដោយសេរីសម្រាប់នាវាដឹកប្រេងនៅលើផ្លូវដឹកជញ្ជូនប្រេងពិភពលោក ដែលបច្ចុប្បន្នត្រូវបានបិទ ដោយទីក្រុងតេអេរ៉ង់។

យោងតាមការលើកឡើងរបស់ប្រភពអ៊ីរ៉ង់ចំនួន ២ មន្ត្រីក្នុងតំបន់ចំនួន ២ និងប្រភពការទូតលោកខាងលិចចំនួន ២ ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការចរចានេះកំពុងជួបឧបសគ្គធំមួយ ដោយសារភាគីទាំងពីរមិនចង់ក្លាយជាអ្នកដំបូងដែលបោះបង់ចោលអំណាចតថ្លៃរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយជំហររបស់អ៊ីរ៉ង់ គឺការទទួលស្គាល់អំពីផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការ ប្រឈមមុខដាក់គ្នាដ៏យូរអង្វែងនេះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា វិធីដែលអាចទៅរួចបំផុតដើម្បីបញ្ចប់ភាពជាប់គាំងនេះ គឺការរៀបចំដំណោះស្រាយជាដំណាក់កាល ដោយអ៊ីរ៉ង់អនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកហ័រមូស ជាថ្នូរនឹងការដែលសហរដ្ឋអាមេរិកដកការរាំងខ្ទប់ផ្នែកសេដ្ឋកិច្ច ហើយអ៊ីរ៉ង់អាចទទួលបានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កកទុក។
ប្រែសម្រួលៈ តុលា

To Top