Feature

នាយកវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកោះកុង ៖ ការសិក្សាជំនាញ TVET ផ្តោតលើការអនុវត្ត និងតម្រូវការទីផ្សារការងារ

កោះកុង ៖ ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនត្រឹមតែផ្តល់ចំណេះដឹង ទ្រឹស្តីដល់ សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់ លើការអនុវត្តជាក់ស្តែង និងការឆ្លើយតប ទៅនឹង តម្រូវការទីផ្សារការងារ ដើម្បីឱ្យអ្នកសិក្សាមានជំនាញច្បាស់លាស់ និងត្រៀមខ្លួនបានល្អសម្រាប់ ការងារ និងការប្រកបអាជីពនាពេលអនាគត។ នេះបើតាមអ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK) ។

អ្នកអង្គម្ចាស់មានព្រះបន្ទូលថា៖ «លក្ខណៈពិសេសនៃវិទ្យាស្ថាន គឺយើងមានសាស្ត្រាចារ្យ និងគ្រូបច្ចេកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន។ ម្យ៉ាងទៀត វិទ្យាស្ថានមានទីតាំងអំណោយផល ស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេស ដែលងាយស្រួលក្នុងការស្វែងរកការងារធ្វើ»។

បន្ថែមពីលើគុណភាពនៃការបណ្តុះបណ្តាល វិទ្យាស្ថាន PIKK ក៏មានអន្តេវាសិកដ្ឋាន សម្រាប់សិស្សានុសិស្សស្នាក់នៅដោយឥតគិតថ្លៃ និងមានសម្ភារៈ គ្រឿងបរិក្ខារគ្រប់គ្រាន់ សម្រាប់គាំទ្រដល់ការសិក្សា និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សអាចផ្សារភ្ជាប់ ចំណេះដឹង ក្នុងថ្នាក់ទៅនឹងការងារជាក់ស្តែង។ លើសពីនេះ វិទ្យាស្ថានក៏ផ្តល់សេវាប្រឹក្សាយោបល់ពាក់ព័ន្ធ នឹងការសិក្សា និងការស្វែងរកការងារ តាមរយៈមជ្ឈមណ្ឌលការងារ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារប្រចាំខេត្ត។

បើតាមអ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស ​សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប មិនថាទទួលបានលទ្ធផលជាប់ ឬមិនទទួលបានលទ្ធផលតាមការរំពឹងទុក ក៏អាចពិចារណា ជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង សម្រាប់ត្រៀមខ្លួនចូលទីផ្សារការងារ និងបន្តការ ប្រកបអាជីពនាពេលអនាគត៕

To Top