Feature

រយៈពេល ៣ឆ្នាំ​វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានបណ្ដុះបណ្ដាលយុវជន ជំនាញជាង ៤ពាន់នាក់

បាត់ដំបង៖ រយៈពេល ៣ឆ្នាំនៃអាណត្តិរបស់សម្ដេចធិបតី វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស  និងវិជ្ជាជីវៈជូនសិក្ខាកាមនៅគ្រប់កម្រិតសរុបជិត ៤ពាន់នាក់ទៅលើមុខជំនាញ ដែលសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ។

​លោក លោក តេង ចិន្តា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា​​ ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាល សិស្សគ្រប់កម្រិតសរុប ៣,៨៧៩នាក់។ ក្នុងនោះមានក្រុមដែលជាយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមាន ២,៨៤២ នាក់។


លោកនាយកបញ្ជាក់ថា «វិទ្យាស្ថានមានផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ ២ និង ៣ (C1, C2, C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឬបរិញ្ញាបត្ររង រហូតដល់ថ្នាក់បរិញ្ញាបត្របច្ចេកទេស ។ ជំនាញដែលកំពុងបណ្តុះបណ្តាលសុទ្ធសឹងតែជាជំនាញមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ដូចជា៖ វិស្វកម្មអគ្គិសនី, សំណង់ស៊ីវិល, វិស្វកម្មរថយន្ត, ព័ត៌មានវិទ្យា, និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ជាដើម»។

 
លោកនាយកបន្តថា សាលាមានការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ និង សាស្ត្រាចារ្យដែល មានបទពិសោធន៍ច្រើនឆ្នាំ ការបណ្ដុះបណ្ដាល ប្រកបដោយស្តង់ដារ មានការបន្ទប់ពីសោធន៍ រោងជាង និងសម្ភារៈបច្ចេកទេសទំនើបៗជាច្រើន ដែលសុទ្ធសឹងតែ ជាឧបករណ៍ស្របតាម បច្ចេកវិទ្យា និងស្តង់ដារដែលក្រុមហ៊ុន សហគ្រាសកំពុងប្រើប្រាស់ ដើម្បីធានាបាននូវជំនាញ​ ដែលសមប្រកបសម្រាប់ យុវជន ក្នុងការចូលទៅបំពេញតួនាទី នៅតាមរោងចក្រ សហគ្រាសភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។
 
លោកបន្ថែមថា « វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានចងក្រងបណ្តាញសហការយ៉ាងរឹងមាំ តាមរយៈការចុះអនុស្សរណៈយោគយល់ (MOUs) និងកិច្ចព្រមព្រៀង (MOAs) ជាមួយស្ថាប័ន ក្រុមហ៊ុន និងសហគ្រាសនានា។ ទន្ទឹមនឹងនេះ វិទ្យាស្ថាននៅតែបន្តចុះទំនាក់ទំនង និងចុះ MOU ជាមួយក្រុមហ៊ុនថ្មីៗបន្ថែមទៀតជាប្រចាំ ដើម្បីពង្រីកឱកាសការងារជូនសិស្ស»។

 
​សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទង​សាកសួរព័ត៌មានតាមរយៈ​ទូ​រ​សព្ទលេខ ០៨៦ ៨៧៩ ២៩២/ ០៩៣ ៦២៣ ៦៣៦/ ០១៦ ៥២២ ២០៦/ ០៨៦ ៥២៥ ៤០៧/ ០៨៦ ៤០៣ ១០៤/ ០៩៩ ៧៥៩ ៩៩០ ឬអ​ញ្ជើញ​​មកទីតាំងរបស់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដោយផ្ទាល់នៅជាប់ផ្លូវជាតិលេខ៥ ខាងមុខព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង ឬទាក់ទងមកកាន់ទំព័រហ្វេសប៊ុក របស់វិទ្យាស្ថាន ដើម្បីទទួលការប្រឹក្សាយោបល់ បន្ថែមដោយឥតគិតថ្លៃ៕

To Top