អាជ្ញាធរ ផ្អាកធ្វើដំណើរឆ្លងកាត់ស្ពាន សម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់ស្វាយប៉ោ ជាបណ្ដុះអាសន្ន
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ។
មន្ទីរសាធារណការខេត្ត បានឱ្យដឹងថា ក្រោយទទួលរងឥទ្ធិពលព្យុះ ជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំដែលអាចកើតមានទឹកជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវស្ពាន ទូទាំងខេត្ត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។

ជាមួយគ្នានេះដែរ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀស គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពាន សម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាស្ពាន និងបង្ការ ហានិភ័យក្នុងការធ្វើដំណើរ ។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ៕



