រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ពេលនេះ គឺអាស្រ័យលើអាមេរិក ក្នុងការទទួលយកផែនការ៧ថ្ងៃ ដើម្បីបើកច្រកសមុទ្រ Hormuzឡើងវិញ
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់អ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់បានប្រគល់ផែនការរយៈពេល ៧ ថ្ងៃដ៏ជាក់លាក់មួយទៅឱ្យសហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រឡើងវិញ ហើយពេលនេះការសម្រេចចិត្តគឺ ស្ថិតនៅលើដៃរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Araqchi បានមានប្រសាសន៍ថា៖ «ប្រសិនបើលក្ខខណ្ឌចាំបាច់នានា ត្រូវបានបំពេញ ច្រកសមុទ្រនេះអាចនឹងត្រូវបើកឡើងវិញ ហើយការធ្វើដំណើរ តាមផ្លូវសមុទ្រជាប្រក្រតីនឹងអាចដំណើរការឡើងវិញបានក្នុងរយៈពេល ៧ ថ្ងៃ។ ពេលនេះ ការសម្រេចចិត្តគឺស្ថិតនៅលើសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖ «សកម្មភាពដែលសហរដ្ឋអាមេរិក គួរអនុវត្តមិនមែនជារឿងថ្មីនោះទេ ។ អ្វីៗទាំងអស់សុទ្ធតែមានចែងរួច ហើយ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU)» ដោយលោកសំដៅ លើអនុស្សរណៈ នៃការយោគយល់គ្នាដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីខែមិថុនា។
ប្រែសម្រួល: ណៃ តុលា
