ឯកសារបង្ហាញថា ប្រទេសឥណ្ឌា កំពុងស្វែងរកការនាំចូលឧស្ម័ន LPG ពីសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៧
បរទេស៖ យោងតាមឯកសារមួយដែលទីភ្នាក់ងារព័ត៌មាន Reuters បានពិនិត្យមើលកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ក្រុមហ៊ុននាំចូលឧស្ម័ន LPG ដែលជាកម្មសិទ្ធិ របស់រដ្ឋឥណ្ឌា បានចេញសេចក្តីប្រកាសដេញថ្លៃរួមគ្នា ដើម្បីស្វែងរកការផ្គត់ផ្គង់ឧស្ម័ន LPG (ឧស្ម័នឥន្ធនៈរាវ) ប្រមាណ ២,៧៥ លានតោនពីសហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនមកដល់នៅឆ្នាំ ២០២៧។
យោងតាមសារព័ត៌មាន The Economic Time ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថាក្រុមហ៊ុន Indian Oil, Bharat Petroleum និង Hindustan Petroleum កំពុងស្វែងរកការដឹកជញ្ជូនឧស្ម័នតាមនាវាធំៗចំនួន ៤ ជើងក្នុងមួយខែ។
ការដឹកជញ្ជូននីមួយៗនឹងមានបរិមាណ ៤៦.០០០ តោន ដោយបែងចែកសមាមាត្រស្មើគ្នារវាងឧស្ម័នប្រូប៉ាន (propane) និងប៊ូថាន (butane) ក្នុងលក្ខខណ្ឌនៃការដឹកជញ្ជូនមកដល់គោលដៅ (delivered basis) ជារៀងរាល់ខែពេញមួយឆ្នាំ ២០២៧។
សេចក្តីប្រកាសដេញថ្លៃនោះ ក៏បានបញ្ជាក់ផងដែរថា ពួកគេស្វែងរកការដឹកជញ្ជូនឧស្ម័នចំនួន ១ ជើងដែលមានទំហំ ៤៥.០០០ តោនក្នុងមួយខែ ក្នុងលក្ខខណ្ឌ FOB (free-on-board) ឬលក្ខខណ្ឌដែលអ្នកលក់ទទួលខុសត្រូវ រហូតដល់ពេលផ្ទុកទំនិញឡើងលើនាវា។
សូមជម្រាបថា ឥណ្ឌាជាប្រទេសនាំចូលហ្គាស LPG ធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។
ប្រែសម្រួល: ណៃ តុលា
