ព័ត៌មានអន្តរជាតិ

ព្រីតថេនព្រមានអ៊ីរ៉ង់ថា ខ្លួននឹងមិនអត់ឱនចំពោះសកម្មភាព អរិភាពលើទឹកដីរបស់ព្រីតថេនឡើយ‎

‎‎បរទេស៖ រដ្ឋមន្ត្រីការបរទេសព្រីតថេន បានជួបជាមួយសមភាគីអ៊ីរ៉ង់ របស់លោកនៅក្រៅកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ហើយបានប្រាប់គាត់ថា ប្រទេសរបស់លោកនឹង «មិនអត់ឱនចំពោះការគំរាមកំហែង ការបំភិតបំភ័យ ឬសកម្មភាពអរិភាពនៅលើទឹកដីចក្រភពអង់គ្លេស» ដែលបង្កឡើងដោយក្រុមនានាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នោះទេ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសព្រីតថេន លោក Ed Miliband និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក៏បានពិភាក្សាគ្នាអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា សារៈសំខាន់នៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ និង «ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅលើទឹកដីចក្រភពអង់គ្លេស» ផងដែរ។
‎
‎សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរូបនេះបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រីតថេន ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ពីក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅលើទឹកដីចក្រភពអង់គ្លេស រួមទាំងការវាយប្រហារ លើសហគមន៍ជនជាតិជ្វីហ្វនៅព្រីតថេនផងដែរ។
‎
‎កាលពីខែកក្កដា ព្រីតថេន បានហាមឃាត់ការគាំទ្រ ដល់កងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមដែលមានទំនាក់ទំនង ជាមួយខ្លួន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដែលប្រឆាំងនឹងជនជាតិជ្វីហ្វ (antisemitic attacks) ដោយប្រើប្រាស់អំណាចផ្លូវច្បាប់ថ្មី ដែលត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការប្រើប្រាស់ ក្រុមតំណាងដែលទទួលបានការគាំទ្រពីរដ្ឋ។
‎‎ប្រែសម្រួលៈ ណៃ តុលា
‎

To Top