Feature

សមាជិកក្រុមចរចា អរគុណសម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី ដែលព្រួយបារម្ភពីប្រាក់ឈ្នួលកម្ពុជា ប៉ុន្តែគួរធ្វើយុទ្ធនាការ រុញប្រាក់ឈ្នួល នៅបង់ក្លាដែស និងស្រីលង្កា ដែលមានត្រឹមប្រមាណ ៩០ និង ១០០ដុល្លារ ឱ្យខ្ពស់ដូចកម្ពុជាផង​

​ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាបានអរគុណដល់ សម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី Asia Floor Wage Alliance (AFWA) ដែលបានព្រួយបារម្ភរឿងប្រាក់ឈ្នួលនៅកម្ពុជា ប៉ុន្តែសមាជិកក្រុមចរចាក៏បានស្នើឱ្យសម្ព័ន្ធមួយនេះ ក្រឡេកទៅមើលប្រទេសបង់ក្លាដែស ស្រីលង្កា និងប្រទេសផ្សេងៗទៀត ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា ហើយគួររុញយុទ្ធនាការដំឡើងប្រាក់ឈ្នួល នៅប្រទេសទាំងនោះឱ្យខ្ពស់ស្មើប្រទេសកម្ពុជា ប្រសើរជាងការផ្តោតយុទ្ធនាការតែលើកម្ពុជាមួយ ។
​
លោក សំ សឿន សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន មានប្រាក់ឈ្នួលខ្ពស់ជាងប្រទេសបង់ក្លាដែស និងស្រីលង្កាហូតដល់ជាង២ដង ហេតុនេះ បើ Asia Floor Wage ពិតជាចង់ជួយកម្មករពិតប្រាកដមែន ​បំផុសយុទ្ធនាការធ្វើយ៉ាងណា ឱ្យប្រទេសទាំងនោះមានប្រាក់ឈ្នួលអប្បបរមាត្រដំត្រសងនឹងកម្ពុជាផង។

លោកថ្លែងថា៖«​អរគុណដល់អង្គការ Asia Floor Wage ​ដែលបានព្រួយបារម្ភ ពីស្ថានភាពប្រាក់ឈ្នួលអប្បបរមាកម្ពុជា ហើយបើសិនជាអង្គការនេះ មានចេតនាខ្វល់ខ្វាយបារម្ភពីសុខទុក្ខរបស់កម្មករពិត មែនសូមឱ្យគាត់ ជួយទៅធ្វើយុទ្ធនាការទៅកាន់ប្រទេសបង់ក្លាដែស និងស្រីលង្កាជាដើមដែលមាន ប្រាក់ឈ្នួលប្រមាណជា៩០ទៅ១០០ដុល្លារ ខណៈកម្ពុជាមាន ២២៩.៥ រួចហើយ»។

​ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងថា ប្រសិនបើអង្គការ Asia Floor Wage មានគោលដៅជួយកម្មករទូទាំងអាស៊ី មិនគួរជំរុញតែនៅកម្ពុជាទេ ប៉ុន្តែគួរជំរុញ ​បណ្តាប្រទេសផ្សេងៗទៀតដែលមាន​ ប្រាក់ឈ្នួលទាបជាងកម្ពុជា ឱ្យបង្កើនប្រាក់ឈ្នួល ​និងទទួលបានអត្ថប្រយោជន៍ផង។

លោក ប៉ាវ ស៊ីណា បានថ្លែងថា ៖ « NGO (អង្គការ) ទាំងអស់មិនមែនមានន័យថា មានតែនៅស្រុកខ្មែរទេ NGO ហ្នឹងក៏មានបណ្តាញសម្ព័ន្ធមិត្ត របស់គាត់នៅប្រទេសទាំងនោះដែរ នៅប្រទេសដែលកំពុងប្រកួតប្រជែង ជាមួយខ្មែរដូចគ្នាដែរ ប៉ុន្តែយើងឃើញថា ហេតុអ្វីបានផ្តោតតែលើកម្ពុជា យើងតែមួយ ដែលយើងកំពុងពង្រឹងវិស័យនេះឱ្យរឹងមាំ» ។

​សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាទាំងពីររូប បានបញ្ជាក់ថា ការលើកកម្ពស់ប្រាក់ឈ្នួលគួរតែផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ និងគិតគូរពីសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម ព្រមទាំងស្ថានភាពកម្មករនិយោជិតក្នុងតំបន់។

អ្នកទាំងពីរយល់ថា ប្រសិនបើសម្ព័ន្ធប្រាក់ឈ្នួលគោលអាស៊ី មានគោលដៅលើកកម្ពស់ជីវភាពកម្មករទូទាំងតំបន់ ការជំរុញឱ្យមានការកែលម្អប្រាក់ឈ្នួល នៅគ្រប់ប្រទេសដែលមានកម្រិតប្រាក់ឈ្នួលទាប គួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យការប្រកួតប្រជែងក្នុងតំបន់កាន់តែមានតុល្យភាព និងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតនៅគ្រប់ប្រទេស៕

To Top