Feature

តំណាងក្រសួងការងារ និងស្ថានទូតកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយសហគមន៍ខ្មែរ នៅទីក្រុងគូមី

គូមី, កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរប្រមាណជាង ១,០០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ដើម្បីរក្សាប្រពៃណីវប្បធម៌ខ្មែរ ទោះកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស។

ពិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី វត្តខ្មែរគូមី ពុទ្ធបរិស័ទចំណុះជើងវត្ត និងសហគមន៍ខ្មែរនៅតំបន់ជុំវិញ ដោយមានការចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងព្រះតេជគុណ ជីណូ សឺនីម ព្រះប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី និងព្រះតេជគុណ ពៅ សុភ័ក្រ្ត ព្រះចៅអធិការវត្តខ្មែរគូមី។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងលោកឯកអគ្គរាជទូត បានពាំនាំការសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករ និងសហគមន៍ខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ តំណាងក្រសួងការងារ និងស្ថានទូតកម្ពុជាបានលើកទឹកចិត្តដល់បងប្អូនពលករឱ្យបន្តខិតខំបំពេញការងារ ប្រកាន់ខ្ជាប់វិន័យ គោរពច្បាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរកូរ៉េ ដើម្បីរួមចំណែកលើកកម្ពស់កិត្តិយស កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។

ការជួបជុំក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងការរក្សាប្រពៃណីវប្បធម៌របស់សហគមន៍ខ្មែរនៅក្រៅប្រទេស ខណៈបងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ នៅតែបន្តចូលរួមថែរក្សាទំនៀមទម្លាប់ និងប្រពៃណីជាតិ ទោះនៅឆ្ងាយពីមាតុភូមិក្តី៕

To Top