ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal ៖ លោក ដូណាល់ ត្រាំ កំពុងត្រៀមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅអាមេរិក

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើថ្មីបំផុតរបស់អ៊ីរ៉ង់ ស្តីពីបទឈប់បាញ់ ហើយបានប្រាប់ជំនួយការរបស់លោកថា លោកមានបំណងបន្តការទម្លាក់គ្រាប់បែក លើសាធារណរដ្ឋអ៊ីស្លាមមួយនេះឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមកាសែត Wall Street Journal គឺលោក ត្រាំ មានការសង្ស័យជាលក្ខណៈឯកជនថា ទីក្រុងតេអេរ៉ង់នឹងយល់ព្រមតាមលក្ខខណ្ឌរបស់លោក ទោះបីជាលោកបានព្យាករជាសាធារណៈថា អ៊ីរ៉ង់នឹងស្វែងរកកិច្ចព្រមព្រៀងមួយបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនានាបានព្រមានថា ជំហររបស់លោកអាចនឹងផ្លាស់ប្តូរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយអាចនឹងទទួលឥទ្ធិពលពីលទ្ធផលនៃការបោះឆ្នោត។

សេចក្តីរាយការណ៍នេះបានកើតឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់បានស្នើផែនទីបង្ហាញផ្លូវរយៈពេល ៧ ថ្ងៃ ដើម្បីបញ្ចប់អរិភាព បើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ និងចាប់ផ្តើមការចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ជាការឆ្លើយតប សហរដ្ឋអាមេរិកនឹងដកការបិទខ្ទប់ផ្លូវសមុទ្រ បន្ធូរបន្ថយការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ និងដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់មួយចំនួនដែលត្រូវបានបង្កក។

យោងតាមកាសែត Wall Street Journal លោក ត្រាំ បានបដិសេធសំណើនេះ ហើយរដ្ឋបាលរបស់លោកបានជូនដំណឹងដល់អ៊ីរ៉ង់ និងអ្នកសម្របសម្រួលក្នុងតំបន់ថា លោកគ្មានបំណងដកការបិទខ្ទប់ផ្លូវសមុទ្រនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការចរចាតាមរយៈអ្នកសម្របសម្រួលនៅតែបន្តដំណើរការ។

To Top