រដ្ឋបាលស្រុកភ្នំស្រុក ប្រកាសបើកទ្វារ ទឹកអាងត្រពាំងថ្ម និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់
បន្ទាយមានជ័យ ៖ រដ្ឋបាលស្រុកភ្នំស្រុក បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការបើកទ្វារទឹក ចេញពីអាងត្រពាំងថ្ម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ បន្ទាប់ពីកម្រិតទឹកក្នុងអាងបានហក់ឡើងខ្ពស់ខ្លាំង គួរឱ្យព្រួយបារម្ភដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីអាងអាតោខេត្តឧត្តរមានជ័យ ។

ដើម្បីកាត់បន្ថយផល ប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិ រដ្ឋបាលស្រុក បានណែនាំឱ្យប្រជាពលរដ្ឋ នៅតាមបណ្តាឃុំខាងក្រោមអាងទឹក ពលរដ្ឋស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ត្រូវប្រញាប់ប្រញាលច្រូតកាត់ប្រមូលផលស្រូវឱ្យទាន់ពេលវេលា ត្រៀមមធ្យោបាយជម្លៀសខ្លួន រៀបចំស្បៀងអាហារនិងថ្នាំសង្កូវ ព្រមទាំងត្រូវបិទប្រព័ន្ធអគ្គិសនីនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗពេលទឹកជំនន់មកដល់។

ក្នុងករណីមានភាពបន្ទាន់ខ្លាំង ប្រជាពលរដ្ឋត្រូវប្រញាប់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដែលនៅជិតបំផុត ឬទំនាក់ទំនងជាបន្ទាន់ទៅកាន់មេភូមិ មេឃុំ និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក តាមរយៈលេខទូរសព្ទ ០៩២១៥៣១៥២ ០១៧៥០៥១៩៩ ០៩២៥០១៩៦៤ និង០១២៥២៨០៤៣ ដើម្បីអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ៕







អត្ថបទ: ប៊ុន សំណាង/Dap News
