តំណាងក្រសួងការងារ និងស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទីក្រុងគូមី សាធារណរដ្ឋកូរ៉េ
គូមី,កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរប្រមាណជាង ១ ០០០នាក់ បានមកជួបជុំគ្នាយ៉ាងច្រើនកុះករក្នុងបរិយាកាសស្និទ្ធស្នាល និងមានទឹកមុខសប្បាយរីករាយ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះសហការរៀបចំដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី វត្តខ្មែរគូមី និងពុទ្ធបរិស័ទចំណុះជើងវត្ត និងតំបន់ជុំវិញ ដោយមានការអញ្ជើញចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រះតេជគុណ ជីណូ សឺនីម ព្រះប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី និងព្រះតេជគុណ ពៅ សុភ័ក្រ្ត ព្រះចៅអធិការវត្តខ្មែរគូមី ផងដែរ។

ថ្លែងទៅកាន់បងប្អូនដែលអញ្ជើញចូលរួមក្នុងពិធីនេះ លោករដ្ឋលេខាធិការ និងលោកឯកអគ្គរាជទូតបានពាំនាំនូវការសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់បងប្អូនពលករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ គោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរកូរ៉េ ដើម្បីចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរលើឆាកអន្តរជាតិ។

ពិធីទាំងមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដោយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទឹកចិត្តស្រឡាញ់វប្បធម៌ និងស្មារតីចងចាំជាតិមាតុភូមិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេស ទោះបីជាកំពុងរស់នៅ និងបំពេញការងារឆ្ងាយពីស្រុកកំណើតក៏ដោយ៕








