អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ ចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តភ្នំហាន់ជ័យ
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការ នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តចន្ទគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តខាងលើនោះ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ៥កេស, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥គីឡូក្រាម និងបច្ច័យជាថវិកាមួយចំនួនផងដែរ។

សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យក ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមនានា។ ទាំងនេះ គឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។






អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
