ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា-នូវែលសេឡង់ នៅមានសក្តានុពល​ជាច្រើនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា-នូវែលសេឡង់ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកស្រី បានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។

លោកស្រី ឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។

បន្ថែមពីនេះ, លោកស្រី បានទទួលស្គាល់តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រទៅដល់ការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

លោកស្រី បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការទូត លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាមួយនឹងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ, សម្ដេចធិបតី បានគូសបញ្ជាក់ថា «ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ»។

សម្ដេចធិបតី ក៏បានសម្ដែងនូវការអរគុណចំពោះការរួមចំណែករបស់ប្រទេសនូវែលសេឡង់ ក្នុងការដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពអន្តរជាតិក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ជាដើម។

សម្ដេចធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូតក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ប្រកបដោយសក្តានុពល រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យាថ្មី, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ក៏ដូចជាការតភ្ជាប់ប្រជាជន និងប្រជាជន៕

To Top