Feature

រដ្ឋមន្ដ្រីអប់រំ ៖ ការបណ្ដុះបណ្ដាល នាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់ និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃវិទ្យាស្ថានជាតិអប់រំ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់ និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA ដោយត្រូវហ្វឹកហាត់ លើការប្រើប្រាស់សំណួរបែបវិភាគ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៃវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ (NIE) ដែលសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តយកចិត្ត ទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាឱ្យបានល្អប្រសើរ ព្រមទាំងបានសង្កត់ធ្ងន់ លើការពង្រឹងគុណភាពនៃវិធីសាស្ត្របង្រៀន ដោយបានលើកឡើងថា គោលដៅចម្បងរបស់វិទ្យាស្ថាន គឺត្រូវធានាឱ្យបានថា គរុនិស្សិតដែលបញ្ចប់ការសិក្សា ពិតជាមានសមត្ថភាព និងចេះបង្រៀនសិស្សដោយពិតប្រាកដ។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ដូច្នេះវិទ្យាស្ថានត្រូវចុះពិនិត្យ និងដកស្រង់បទពិសោធផ្ទាល់ ពីវិធីសាស្ត្របង្រៀន នៅសាលារៀនជំនាន់ថ្មី ព្រមទាំងសិក្សាពីបណ្ដាប្រទេសជឿនលឿន និងវិទ្យាស្ថានជាតិអប់រំនៃប្រទេសដទៃ ដើម្បីរៀបចំចងក្រងជាសៀវភៅណែនាំច្បាស់លាស់ ស្ដីពីវិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព ឆ្លើយតបនឹងបរិបទអប់រំកម្ពុជា ដោយផ្ដោតជាសំខាន់លើការអនុវត្តជាក់ស្ដែង ជៀសវាងការផ្ដោតលើទ្រឹស្តីច្រើន។

បន្ថែមពីលើនេះ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA ជាពិសេសលើមុខវិជ្ជាស្នូលរួមមាន៖ ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ដោយត្រូវហ្វឹកហាត់លើការប្រើប្រាស់សំណួរបែបវិភាគ។ ដើម្បីសម្រេចកិច្ចការនេះបាន ក្រុមការងារ NIE ត្រូវតែសិក្សាស្រាវជ្រាវ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទម្រង់តេស្ត PISA នេះជាមុនសិន មុននឹងបន្តយកទៅបណ្ដុះបណ្ដាលដល់គរុនិស្សិត»៕

To Top