អេហ្ស៊ីប សង្កត់ធ្ងន់លើសន្តិសុខ នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ចំពេលមានភាពតានតឹងនៅយេម៉ែន
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានា នូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ដោយបញ្ជាក់ថា សន្តិសុខនៅតំបន់ទាំងនេះ គឺជាការទទួលខុសត្រូវ របស់ប្រទេសអារ៉ាប់ និងអាហ្វ្រិក ដែលមានព្រំប្រទល់ជាប់តំបន់ទាំងនោះ ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Abdelatty បានលើកឡើងបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងគែរជាមួយលោក Hans Grundberg បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន ដែលក្នុងនោះអ្នកទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយនៅយេម៉ែន និងផលប៉ះពាល់របស់វាទៅលើសន្តិសុខក្នុងតំបន់។
លោក Abdelatty បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អេហ្ស៊ីប ចំពោះឯកភាពជាតិ និងស្ថាប័នជាតិស្របច្បាប់របស់យេម៉ែន ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិ ដែលនឹងរួមចំណែកដល់ស្ថិរភាពរបស់យេម៉ែន។
លោកក៏បានបង្ហាញពីការគាំទ្ររបស់អេហ្ស៊ីបចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ ដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនយេម៉ែន និងរក្សាធនធានរបស់ប្រទេសនេះផងដែរ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពរបស់យេម៉ែន ចំពោះសន្តិសុខនៅសមុទ្រក្រហម និងសន្តិសុខក្នុងតំបន់ទាំងមូល ដោយកត់សម្គាល់ថា សន្តិសុខនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden មានទំនាក់ទំនងផ្ទាល់ទៅនឹងសេដ្ឋកិច្ចពិភពលោក ជាពិសេសពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល។
ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូធី បានកើនឡើងខ្លាំងនៅទូទាំងភាគនិរតីនៃប្រទេសយេម៉ែននាពេលថ្មីៗនេះ បន្ទាប់ពីក្រុមនេះបានកាន់កាប់ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mocha និងកោះ Mayyun នៅក្នុងច្រកសមុទ្រ Bab al-Mandab កាលពីដើមខែនេះ៕
