Feature

លោក ខូយ រីដា នាំយកអំណោយ សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋ ភៀសសឹក ៧២គ្រួសារ នៅស្រុកវាលវែង

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀងអាហារ និងថវិកា ដែលរៀបចំដោយសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ ដែលមាន សម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខ មកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧២គ្រួសារ ដែលកំពុងស្នាក់នៅ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋ រួមមាន អង្ករ ១ការ៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ១យួរ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលបានភៀសសឹក មកកាន់ទីសុវត្ថិភាព។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋក្នុងគ្រាដែលពួកគាត់ត្រូវការជំនួយ និងការគាំទ្រ។ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ នឹងបន្តចូលរួមជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងជួបការលំបាកទៅតាមលទ្ធភាព។

ប្រភពរូបភាព ÷រដ្ឋបាលខេត្តពោធិ៍សាត់

អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top