ប្រធានាធិបតីអារ៉ាប់រួម ពិភាក្សាជាមួយនាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu ៦ម៉ោង ផ្តោតសំខាន់លើប្រទេសអ៊ីរ៉ង់
បរទេស៖ WAM ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អារ៉ាប់រួម (UAE) បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអារ៉ាប់រួម គឺ លោក Sheikh Mohamed bin Zayed Al Nahyan បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មកកាន់ប្រទេសនៅតំបន់ឈូងសមុទ្រ អារ៉ាប់មួយនេះ កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា សេចក្តីរាយការណ៍របស់ WAM គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូង ពីសំណាក់ អារ៉ាប់រួម អំពីដំណើរទស្សនកិច្ចរបស់លោក Netanyahu។
ការិយាល័យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោក Netanyahu បានធ្វើដំណើរទស្សនកិច្ចនេះ តាមការអញ្ជើញ របស់ប្រធានាធិបតីអារ៉ាប់រួម ។ ការិយាល័យនេះបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ «ផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងលើបញ្ហាប្រឈមក្នុងតំបន់»។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលចំនួន ៣ រូបបាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យបានចំណាយពេល ៦ ម៉ោង ហើយផ្តោតសំខាន់លើប្រទេសអ៊ីរ៉ង់។
កាលពីដើមឆ្នាំនេះ UAE បានបដិសេធថា លោក Sheikh Mohamed មិនបានជួបជាមួយលោក Netanyahu ទេ បន្ទាប់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអះអាងកាលពីខែឧសភាថា លោក Netanyahu បាន «ធ្វើដំណើរទស្សនកិច្ចដោយសម្ងាត់» ទៅកាន់ប្រទេសនៅតំបន់ឈូងសមុទ្រអារ៉ាប់មួយនេះ និងបានជួបជាមួយប្រធានាធិបតី។
ប្រភពមួយដែលដឹងពីព័ត៌មាននៃកិច្ចប្រជុំនោះបាននិយាយនៅពេលនោះថា លោក Netanyahu និងលោក Sheikh Mohamed បានជួបគ្នានៅទីក្រុង Al-Ain ដែលជាទីក្រុងមានប្រភពទឹក (oasis) ស្ថិតក្នុងទីក្រុង Abu Dhabi នៅតាមបណ្តោយព្រំដែនប្រទេសជាមួយប្រទេសអូម៉ង់ កាលពីថ្ងៃទី ២៦ ខែមីនា។
