Feature

អាមេរិក បន្តគាំទ្រ មន្ត្រីឧទ្យាននុរក្សកម្ពុជា ក្នុងបេសកកម្ម ការពារធនធានធម្មជាតិ

ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរឈើ និងសត្វព្រៃខុសច្បាប់អន្តរជាតិ ហើយបន្តគាំទ្រដល់មន្ត្រីឧទ្យាននុរក្សនៃក្រសួងបរិស្ថាន ក្នុងបេសកកម្មការពារធនធានធម្មជាតិ របស់ប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៨ កញ្ញា ថា ភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក និងអង្គការសមាគមអភិរក្សសត្វព្រៃ បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ជូនដល់មន្ត្រីឧទ្យាននុរក្សនៃក្រសួងបរិស្ថានកម្ពុជា ដែលបំពេញភារកិច្ចនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតលើការពង្រឹងសមត្ថភាពរបស់មន្ត្រីឧទ្យាននុរក្ស ក្នុងការស៊ើបអង្កេតការរត់ពន្ធឈើខុសច្បាប់។ បន្ថែមពីនេះ វគ្គនេះក៏បានណែនាំតំណាងក្រសួងបរិស្ថានឱ្យស្គាល់ពីឧបករណ៍ «Arbortron» ដែលត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណ និងតាមដានប្រភេទឈើដែលត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ផងដែរ។

តាមរយៈការបំពាក់ឧបករណ៍អនុវត្តច្បាប់ទំនើបៗជូនដល់មន្ត្រីឧទ្យាននុរក្សក្នុងស្រុក កិច្ចសហប្រតិបត្តិការ អន្តរជាតិនេះ បានជួយការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏សំខាន់ ការពារផលប្រយោជន៍សេដ្ឋកិច្ចអាមេរិក ព្រមទាំងប្រយុទ្ធប្រឆាំងនឹងបទល្មើសបរិស្ថានពីប្រភពដើម៕

To Top