Feature

ចោរដៃឆើតពីរនាក់ ជំនាញខាងលួចទ្រព្យសម្បត្តិពលរដ្ឋពេលរាត្រី នៅស្រុកម៉ាឡៃ ត្រូវអាវុធហត្ថចាប់វាយខ្នោះបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចូលលួចសម្ភារៈក្រុមហ៊ុន ប៉ាងណាគ្រីគ្រុប និងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ការបញ្ជូនខ្លួននេះ ធ្វើឡើងបន្ទាប់ពីសន្តិសុខក្រុមហ៊ុន និងកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ បានសហការឃាត់ខ្លួនពួកគេបានភ្លាមៗ នៅយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែកញ្ញា នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ខណៈបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន។

លោក តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានម៉ូតូសណ្តោងរ៉ឺម៉កចំនួន ២គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព ព្រមទាំងរកឃើញសារធាតុញៀនវិជ្ជមាន (+) លើជនសង្ស័យឈ្មោះ សុខ វឌ្ឍនា អាយុ ២៩ឆ្នាំ ខណៈម្នាក់ទៀតឈ្មោះ នួន សុខសម្បត្តិ អាយុ ៤១ឆ្នាំ។

លោក ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាផ្អែកលើការសាកសួរនាំ ជនសង្ស័យទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានកត់សម្គាល់ថា ជនទាំងពីររូបនេះជាមុខសញ្ញាលួចយ៉ាងសកម្មប្រចាំក្នុងស្រុកម៉ាឡៃនាពេលកន្លងមក។

ការបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធានាការអនុវត្តច្បាប់ និងផ្ដន្ទាទោសជនល្មើសទៅតាមនីតិវិធីជាធរមាន៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top