អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាស ដោយកងទ័ពមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៥០នាក់
បរទេស: អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍ដែលថា ការវាយប្រហារតាមផ្លូវអាកាស ដោយកងទ័ពមីយ៉ាន់ម៉ា នៅជិតព្រំដែនប្រទេសជាមួយបង់ក្លាដែស បានសម្លាប់មនុស្ស ៥០នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ដែលក្នុងនោះមានមនុស្សជាច្រើននាក់រងរបួសធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ បាននិយាយថា អំពើហិង្សាដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) នៃប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះមិនទាន់មានលក្ខខណ្ឌ សមស្របសម្រាប់ការវិល ត្រឡប់ដោយសុវត្ថិភាពរបស់ជនភៀសខ្លួន និងជនដែលត្រូវផ្លាស់ទីលំនៅផ្សេងទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ។
លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងញូវយ៉កថា៖ «ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយនេះ បានបង្ហាញឱ្យឃើញ យ៉ាងច្បាស់នូវការពិត»។
ដោយដកស្រង់សម្តី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោក Dujarric បានមានប្រសាសន៍ថា ៖ «អគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារទាំងនេះ ហើយអំពាវនាវដល់ភាគីទាំងអស់ ឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ដើម្បីការពារជនស៊ីវិល និងគោរពតាមកាតព្វកិច្ច របស់ពួកគេក្រោមច្បាប់អន្តរជាតិ»។
កងទ័ពអារ៉ាកាន់ (Arakan Army) ដែលកំពុងប្រយុទ្ធ ជាមួយកងទ័ពមីយ៉ាន់ម៉ា បានឱ្យដឹងថា ការវាយប្រហារ តាមផ្លូវអាកាស កាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Kyauktaw ដែលស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសបង់ក្លាដែស បានសម្លាប់មនុស្ស ៥០នាក់ និងធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៨នាក់រងរបួស។ តួលេខទាំងនេះត្រូវបានបញ្ជាក់ដោយបុគ្គលិកជំនួយ ក្នុងតំបន់ម្នាក់ គឺលោក Wai Hun Aung។
ប្រែសម្រួល: ណៃ តុលា
