ចិនបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយជប៉ុន ក្រោយជំនួបជាមួយ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសចិនមានទស្សនៈវិជ្ជមាន ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងវិស័យឯកជនជាមួយប្រទេសជប៉ុន បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ចិន ក្នុងគោលបំណងស្តារទំនាក់ទំនង ទ្វេភាគីដែលកំពុងតានតឹងឡើងវិញ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន kyodo ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបញ្ហានាំចេញរ៉ែកម្រ ក្នុងនាមជាប្រធានគណៈប្រតិភូធុរកិច្ចជប៉ុន លោក Iwaya ក៏បានជំរុញឱ្យទីក្រុងប៉េកាំងពន្លឿននីតិវិធីនៃការនាំចេញរ៉ែកម្រមកកាន់ប្រទេសជប៉ុនផងដែរ។ ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេ ចំពោះការនាំចេញរ៉ែកម្រ សម្រាប់គោលបំណងស៊ីវិលមកកាន់ជប៉ុន។
គណៈប្រតិភូជិត ៦០នាក់ មកពីសមាគមជប៉ុនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសចិន ។ តាមរយៈការទទួលស្វាគមន៍គណៈប្រតិភូនេះយ៉ាងកក់ក្តៅ ទីក្រុងប៉េកាំងហាក់កំពុង បង្ហាញបំណងចង់ជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ធ្វើការឆ្ពោះទៅរកការផ្សះផ្សាទំនាក់ទំនងទ្វេភាគី។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ិនហួ លោក He Lifeng បានចាត់ទុកចិន និងជប៉ុន ជា “ដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់” ដោយស្វាគមន៍ក្រុមហ៊ុនជប៉ុនក្នុងការអភិវឌ្ឍ និងចែករំលែកឱកាសទីផ្សារ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ក្រុមធុរកិច្ចនេះនឹង “ប្រកាន់ខ្ជាប់នូវទិសដៅប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងប៉េកាំងបានសម្តែងការខឹងសម្បារចំពោះការលើកឡើងរបស់លោកស្រី Takaichi នៅក្នុងសភា កាលពីខែវិច្ឆិកាឆ្នាំមុន ដែលបញ្ជាក់ថាជប៉ុនអាចនឹងជួយគាំទ្រសហរដ្ឋអាមេរិក ក្នុងករណីមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ជាការឆ្លើយតប ចិនបានដាក់ចេញនូវវិធានការសងសឹកទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច រួមទាំងការរឹតបន្តឹងការនាំចេញរ៉ែកម្រដែលចាំបាច់សម្រាប់ការផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់។
កាលពីថ្ងៃចន្ទ លោក Iwaya បានជួបពិភាក្សាជាមួយប្រធានកិច្ចការបរទេសចិន លោក Wang Yi (វ៉ាង យី)។ ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក Wang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវ “ធ្វើឱ្យប្រក្រតីឡើងវិញ” ដោយលោកបានជំរុញឱ្យជប៉ុនកែតម្រូវ “ពាក្យសម្តី និងសកម្មភាពខុសឆ្គង” របស់ថ្នាក់ដឹកនាំខ្លួនជុំវិញបញ្ហាតៃវ៉ាន់ឱ្យបានឆាប់រហ័ស។ នេះគឺជាជំនួបជាសាធារណៈលើកដំបូង រវាងលោក Wang និងអ្នកនយោបាយជប៉ុន ចាប់តាំងពីមានជម្លោះការទូតមក។
លោក Iwaya បានកត់សម្គាល់ថា ថ្ងៃអង្គារនេះ គឺជាខួបលើកទី ៥៤ នៃការធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតរវាងជប៉ុន និងចិន ហើយវាជារឿងសំខាន់សម្រាប់រដ្ឋាភិបាលទាំងពីរក្នុងការ “វិលត្រឡប់ទៅរកចំណុចចាប់ផ្តើមវិញ”។ លោកបញ្ជាក់ថា៖ “ជាអកុសល ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ជួនកាលត្រូវប្រឈមនឹងស្ថានភាពការទូតដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ ការរក្សាការសន្ទនាក្នុងកាលៈទេសៈបែបនេះ។”
ស្របពេលជាមួយគ្នានេះ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានប្តេជ្ញាលើកកម្ពស់ ទំនាក់ទំនង “ជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក” ព្រមទាំងមាន “លក្ខណៈស្ថាបនា និងស្ថិរភាព” ជាមួយចិន ដោយសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរក្រៅរដ្ឋាភិបាល និងវិស័យឯកជន គឺមានសារៈសំខាន់ខ្លាំងណាស់។ ចំណែកឯប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara ក៏បានលើកឡើងដោយឡែកពីគ្នាផងដែរថា ការប្រាស្រ័យទាក់ទង “ពហុកម្រិត” លើប្រធានបទយ៉ាងទូលំទូលាយ គឺជារឿងចាំបាច់បំផុត នៅពេលដែលប្រទេសទាំងពីរ មានបញ្ហានៅសេសសល់ និងមានទស្សនៈខុសគ្នា។
ប្រែសម្រួល៖គីរី
