Feature

នៅថ្ងៃពុធនេះ! ជំនន់បានវាយលុកទីរួមខេត្តបន្ទាយមានជ័យធ្ងន់ធ្ងរ ខណ:ក្រុងប៉ោយប៉ែតទឹកចាប់ផ្តើមស្រក

បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យបានប្រែប្រួលយ៉ាងឆាប់រហ័ស នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកម្រិតទឹកនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ បានចាប់ផ្តើមស្រកជាបណ្តើរៗ ប៉ុន្តែបរិមាណជំនន់ទឹកភ្លៀងបូករួមនឹងទឹកធ្លាក់ពីប្រទេសថៃ បានបង្វែរទិសដៅទៅបុកលិចយ៉ាងធ្ងន់ធ្ងរលើក្រុងសិរីសោភ័ណ្ឌ ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ព្រមទាំងកំពុងគំរាមកំហែងដល់ស្រុកព្រះនេត្រព្រះបន្ថែមទៀត។

ប្រឈមមុខនឹងគ្រោះអាសន្ននេះ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរក្រុង-ស្រុកដែលកំពុងរងការលិចលង់ បញ្ចេញកម្លាំងចម្រុះអន្តរាគមន៍ជម្លៀសពលរដ្ឋជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព។ ភ្លាមៗនោះ អភិបាលក្រុងសិរីសោភ័ណ្ឌ ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក បានដឹកនាំកម្លាំងចុះផ្ទាល់ដល់ទីតាំងរងគ្រោះ ដើម្បីសង្គ្រោះ ពង្រាយជម្រក និងណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

ទន្ទឹមនឹងការជម្លៀស អាជ្ញាធរខេត្តបានប្រញាប់ប្រញាល់ដឹកជញ្ជូនអំណោយស្បៀងអាហារ និងសម្ភារប្រើប្រាស់សង្គ្រោះបន្ទាន់ទៅចែកជូនពលរដ្ឋដល់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់ ដើម្បីធានាថានឹងគ្មាននរណាម្នាក់ត្រូវបោះបង់ចោលឱ្យដាច់បាយ ឬខ្វះខាតជម្រកក្នុងគ្រាដ៏លំបាកនេះឡើយ។

លើសពីនេះ នៅតាមជម្រកបណ្តោះអាសន្ន ក្រុមការងារបានរៀបចំដំឡើងបន្ទប់ទឹកអនាម័យ តបណ្តាញទឹកស្អាត ភ្លើងអគ្គិសនី ចាត់តាំងក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងពង្រាយកម្លាំងនគរបាល និងប្រជាការពារ ដើម្បីការពារសន្តិសុខ និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋឱ្យបានដាច់ខាត៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top