សម្ដេចធិបតី ៖ គម្រោងពង្រីកដាក់អំពូលសូឡាចំនួន ១៣រាជធានី-ខេត្ត ប្រវែងជាង ១ពាន់គីឡូម៉ែត្រ ចំណាយថវិកា ៦លានដុល្លារ
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា គម្រោងពង្រីកដាក់អំពូលសូឡា នៅតាមដងផ្លូវនានាចំនួន ១៣រាជធានី-ខេត្ត ហើយមានប្រវែង ១២០០គីឡូម៉ែត្រ ចំណាយថវិកា ៦លានដុល្លារ។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំហានទី១ រាជរដ្ឋាភិបាល មានគម្រោងពង្រីកទៅបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជំហ៊ានមួយឥឡូវ គម្រោងពង្រីក ១៣ខេត្ត ដែលគ្រោងដាក់ផ្លូវ ដាក់អំពូលសូឡា ១៣ខេត្ត ១២០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ចំណាយថវិកា ៦លានដុល្លារអាមេរិក ដើម្បីគ្រោងដាក់ជំហ៊ានមួយនេះ ហើយអគ្គិសនីកម្ពុជា បានបន្ដជួយជំរុញការងារនេះ»។
សម្ដេចធិបតី បន្ដថា រាជធានី-ខេត្ត ទាំង ១៣នោះ រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ឆ្នាំង, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, កោះកុង, កំពត និងខេត្តកែប។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងប្រកាសគាំទ្រចំពោះការអនុវត្តគ្រោងដាក់អំពូលសូឡានៅតាមដងផ្លូវនានា ហើយនឹងពង្រីកឱ្យទៅដល់ ១៥រាជធានី-ខេត្ត ផងដែរ៕
