Feature

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំសមាគម បណ្តាញកសិករតេជោ នៅខេត្តព្រះវិហារ នឹងជំរុញគម្រោងអភិវឌ្ឍន៍ តំបន់កសិកម្ម នៅភូមិតាកឹងបៃតង

ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធបណ្តាញ កសិករតេជោនៅខេត្តព្រះវិហារ ព្រមទាំងជំរុញគម្រោង អភិវឌ្ឍន៍​តំបន់កសិកម្មនៅភូមិតាកឹងបៃតង ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ព្រមទាំងអនុប្រធានសមាគម បណ្តាញកសិករតេជោ សមាជិកមកពីអនុវិស័យ ដូចជា ៖ វិស័យវារីវប្បកម្ម មាន់យកពង ការកែច្នៃជី ការដាំបន្លែសុវត្ថិភាព ការចិញ្ចឹមគោ ការចិញ្ចឹមទាយកពង ដើម្បីពិភាក្សាអំពីទិសដៅការងាររបស់សមាគម ការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធបណ្តាញកសិករតេជោ នៅតាមមូលដ្ឋាន ព្រមទាំងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ ដែលអាចចូលរួមលើកកម្ពស់ផលិតកម្មកសិកម្ម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមកិច្ចប្រជុំព្រមទាំងលើកឡើងពីសារៈសំខាន់នៃការពង្រឹងបណ្តាញកសិករដែលប្រកបរបរកសិកម្មលើគ្រប់វិស័យ។

លោកបណ្ឌិតប្រតិភូ បានផ្តោតការយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់នេះ គឺដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្ត និងតំបន់ជុំវិញ ក្នុងគោលដៅបង្កើតការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលបានមករស់នៅក្នុងតំបន់នេះឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត៕

To Top