សិង្ហបុរី ដែលជាប្រទេសអ្នកមាន នៅអាស៊ីអាគ្នេយ៍ នឹងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃទឹកភ្លើង ដល់ពលរដ្ឋជាង ១លានគ្រួសារ ក្នុងខែតុលា
សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នឹងផ្តល់ប្រាក់ត្រឡប់មកវិញ (Rebates) លើវិក្កយបត្រទឹកភ្លើងក្នុងទំហំទឹកប្រាក់ពី ១១០ ទៅ ១៩០ ដុល្លារសិង្ហបុរី (ប្រមាណ ៧៨ ទៅ ១៤៨ ដុល្លារអាមេរិក) ជូនដល់ប្រជាពលរដ្ឋជាង ១លានគ្រួសារ ដែលរស់នៅក្នុងអគារស្នាក់នៅសាធារណៈ (HDB) ក្នុងខែតុលានេះ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយប្រចាំថ្ងៃ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ U-Save នេះ គ្រួសារដែលរស់នៅក្នុងផ្ទះល្វែងគ្រប់គ្រងដោយរដ្ឋ (HDB) ត្រូវតែមានម្ចាស់ ឬអ្នកស្នាក់នៅជាជនជាតិសិង្ហបុរីយ៉ាងហោចណាស់ម្នាក់ ឬមានអ្នកជួលជាជនជាតិសិង្ហបុរីម្នាក់ (ក្នុងករណីដែលផ្ទះនោះត្រូវបានជួលទាំងមូល)។
ទោះជាយ៉ាងណា គ្រួសារដែលសមាជិកណាម្នាក់មានកម្មសិទ្ធិអចលនទ្រព្យលើសពីមួយ នឹងមិនមានសិទ្ធិទទួលបានការអនុគ្រោះនេះឡើយ។ ទំហំនៃប្រាក់ឧបត្ថម្ភ គឺផ្តល់អាស្រ័យលើប្រភេទផ្ទះ ដោយគ្រួសារដែលរស់នៅក្នុងបន្ទប់ប្រភេទ១ ឬ២ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងកម្រិតខ្ពស់ជាងគេ។
បន្ថែមពីនេះ គ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏នឹងទទួលបានការលើកលែងថ្លៃសេវាថែទាំ និងអភិរក្សអគារ (S&CC) រហូតដល់មួយខែផងដែរ។ ថវិកានេះ ជាធម្មតាត្រូវបង់ទៅឱ្យក្រុមប្រឹក្សាក្រុង សម្រាប់សេវាកម្មដូចជា ការសម្អាតទីធ្លា ការថែទាំសួន ការប្រមូលសំរាម និងការកម្ចាត់សត្វល្អិតជាដើម។ ប៉ុន្តែសម្រាប់ផ្ទះដែលត្រូវបានជួលទាំងមូល ឬម្ចាស់ផ្ទះមានកម្មសិទ្ធិលើអចលនទ្រព្យឯកជន នឹងមិនទទួលបានការលើកលែងនេះទេ។ ប្រាក់ឧបត្ថម្ភ U-Save និងការលើកលែងសេវាថែទាំនេះ នឹងត្រូវកាត់កងដោយស្វ័យប្រវត្តិទៅក្នុងគណនីទឹកភ្លើង (SP Services) និងគណនីក្រុមប្រឹក្សាក្រុងរបស់ប្រជាពលរដ្ឋ។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស (ខែមេសា កក្កដា តុលា និងមករា) ដែលជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយសម្ពាធនៃការចំណាយសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម។ គួរបញ្ជាក់ថា ទស្សនាវដ្តី The Economist បានចាត់ថ្នាក់សិង្ហបុរី ជាប្រទេសមានជាងគេទី២ លើពិភពលោក បន្ទាប់ពីប្រទេសស្វីស ដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥។
យោងតាមសារព័ត៌មាន The Straits Times សម្រាប់ពេញមួយឆ្នាំហិរញ្ញវត្ថុ (ពីខែមេសា ឆ្នាំ២០២៦ ដល់មករា ឆ្នាំ២០២៧) ពលរដ្ឋអាចទទួលបានប្រាក់ឧបត្ថម្ភ U-Save សរុបរហូតដល់ ៧៦០ ដុល្លារសិង្ហបុរី និងការលើកលែងថ្លៃសេវា S&CC ស្មើនឹង ៣,៥ ខែ។
ស្របពេលជាមួយគ្នានេះ យោងតាមសារព័ត៌មាន Channel News Asia ពលរដ្ឋសិង្ហបុរីក៏នឹងចំណាយតិចជាងមុនលើថ្លៃអគ្គិសនី និងឧស្ម័ន ក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នេះផងដែរ ដោយសារការធ្លាក់ចុះនៃតម្លៃថាមពល។ ចាប់ពីខែតុលា ដល់ធ្នូ តម្លៃអគ្គិសនីនឹងធ្លាក់ចុះ ១០,៤% មកនៅត្រឹម ២៨,៥៩ សេន(សិង្ហបុរី) ក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈតម្លៃឧស្ម័ននឹងធ្លាក់ចុះ ៨,៦% មកនៅត្រឹម ២១,៤៥ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ប្រៃសម្រួល៖ គីរី
