ឃាត់ខ្លួនជនសង្ស័យ ដាក់ដែកលើរនាំង ទ្រូងផ្លូវល្បឿនលឿន បង្កឱ្យរថយន្តបុកប៉ះ
ភ្នំពេញ ៖ ជនសង្ស័យ ដែលបានដាក់ដែកលើរនាំងទ្រូងផ្លូវល្បឿនលឿននាពេលថ្មីនេះ បង្កឱ្យមានរថយន្តបុកប៉ះ ត្រូវបានឃាត់ខ្លួនហើយនៅថ្ងៃទី១ តុលានេះ ។

កាលពីថ្ងៃទី២៨ កញ្ញា ជនសង្ស័យបានដាក់ដែក នៅទទឹងផ្លូវគងលើរនាំងទ្រូងផ្លូវ នៅម្តុំចំណុច ចន្លោះ Km54បង្កឱ្យមានរថយន្ត ម៉ាក Toyota Prius ពណ៌ ស ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ហើយបានជ្រុលទៅប៉ះដែកនោះតែម្ដង ។

ក្នុងករណីនេះ កម្លាំងប្រចាំការលើផ្លូវល្បឿនលឿន បានផ្ដល់ពត៌មាន និងរូបភាពជនសង្ស័យ ដែលចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាព ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរ នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា ជនសង្ស័យភ្លាមៗ បន្ទាប់ពីកើតហេតុផងដែរ ។

លុះនៅវេលាព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង សុខ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយពីបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចដែកមូលប្រវែង ៦ម៉ែត្រ ចំនួន ២ដើម នៅចំណុចក្នុងចំការមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ហើយបានដើរឆ្លងកាត់លើផ្លូវល្បឿនលឿន និងបានទុកដែកនៅទទឹង កណ្ដាលទ្រូងផ្លូវពិតប្រាកដមែន។

ករណីខាងលើនេះកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានកសាងសំណុំរឿងតាមនីតិវិធី ៕







