សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៧ រដ្ឋគ្រោងចាយថវិកាជាង ១ពាន់លានដុល្លារ លើវិស័យអប់រំ កើនជាង៤%
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២៧ ច្បាប់ថវិកា ក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ កើន៤,៧% គិតជាថវិកា សរុប ១,១០០លាន ក្នុង ១ឆ្នាំ, មានតែកើន អត់ថយនោះទេ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឆ្នាំ២០២៧នេះ ច្បាប់ថវិការបស់យើងនៅក្នុងវិស័យអប់រំ បើប្រៀបធៀបនឹងឆ្នាំ២០២៦ គឺកើន ៤,៧%។ គិតជាថវិកា កំណើនខ្ទង់ ២១០ លានជាង ឬ ៥០ លានជាង ហើយបើសរុបវា ១ ១០០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់វិស័យអប់រំ។ អញ្ចឹង អត់មានថយទេ គឺកើន។ នេះជាតួលេខពិតប្រាកដ គឺតួលេខដែលបានចរចាហើយ»។
សម្ដេចធិបតី បន្ដថា ដូច្នេះសម្រាប់អ្នកបារម្ភថា «វិស័យអប់រំត្រូវបានកាត់ដើម្បីយកលុយទៅបង្កើនវិស័យការពារជាតិ គឺអត់ទេបាទ»។ វិស័យការពារជាតិក៏កើន ជាពិសេសការអនុវត្តច្បាប់កាព្វកិច្ចនេះ ប៉ុន្តែថវិការដ្ឋ មានគ្រប់គ្រាន់សម្រាប់ទប់ទល់ ដោយមិនចាំបាច់វះកាត់ ឬកាត់ពីវិស័យអប់រំ និងសុខាភិបាលឡើយ។ ហើយបើសិនជាត្រូវកាត់ ក៏វិស័យអប់រំ និងសុខាភិបាល ជាវិស័យចុងក្រោយគេបំផុតដែលត្រូវកាត់ ព្រោះវិស័យនេះសំខាន់ណាស់។ សម្ដេច បញ្ជាក់ថា «អត់មានការកាត់នោះទេ»។
សម្ដេចធិបតី បន្ថែមថា ចំពោះវិស័យសុខាភិបាល គឺកើន ប៉ុន្តែកើនតិចជាងវិស័យអប់រំ គឺកើន ៤២ពាន់លានដុល្លារ កើនប្រហែលជា ១០ លានដុល្លារ។ សរុបទៅ ប្រហែលជាថវិកាឆ្នាំថ្មីសរុប ២ លាន ៨ សែនលាន បើនិយាយសមញ្ញវា ៦៨០ លានជាងដុល្លារសម្រាប់វិស័យសុខាភិបាល។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «អាហ្នឹងយើងមិនទាន់គិតនៅក្នុងអន្តរាគមន៍ និងវិធានអាទិភាពមួយចំនួនដែលត្រូវយើងបន្ថែមទៀតទៅលើការពង្រឹងសុខាភិបាលមូលដ្ឋានបាទ។ កន្លងទៅ ដូចយើងមានថវិកាពិសេសបន្ថែមលើថវិកាជាតិទៅលើការពង្រឹងមណ្ឌលសុខភាព ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក។ ឥឡូវនេះ គឺជាអាទិភាពសំខាន់»៕
