សម្តេចធិបតី អញ្ជើញជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ ជាសមាជិកសហព័ន្ធអតីតយុទ្ធជន បណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអភិបាលខេត្ត។

សូមបញ្ជាក់ថា មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានរៀបចំឡើងលើកទី២ហើយនៅកម្ពុជា ខណៈលើកទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៩។

ការរៀបចំមហាសន្និបាតនេះ បានផ្តល់ឱកាសយ៉ាងសំខាន់ សម្រាប់អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការ សមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសអាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមរបស់អតីត យុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការកសាងសហគមន៍អាស៊ាន ប្រកបដោយភាពរឹងមាំ និងចីរភាព៕


