Feature

ព្រឹត្តិការណ៍ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២ពាន់នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍ រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត ដោយមានការចូលរួម ពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងចម្បង នៃការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខេត្ត ជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោករដ្ឋមន្ត្រី បន្តថា ព្រឹត្តិការណ៍នេះ គឺបានផ្សារភ្ជាប់ទៅនឹង «ព្រឹត្តិការណ៍ទេសចរណ៍ រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ដែលមានសកម្មភាពទាក់ទាញជាច្រើន ដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក៕

To Top