Feature

រដ្ឋមន្ត្រីអប់រំ ៖ ការប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូ ពិតជាបានបង្កើតផ្លែផ្កាជាវិជ្ជមាន យ៉ាងពិតប្រាកដដល់ការសិក្សា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ពិតជាបានបង្កើតផ្លែផ្កាជាវិជ្ជមានយ៉ាងពិតប្រាកដដល់ការសិក្សា របស់សិស្សានុសិស្ស។

ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» នៅ វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវកតញ្ញូតាធម៌ដល់គ្រូបង្រៀនទាំងអស់ ហើយក៏ដើម្បីបង្ហាញពីតួនាទី របស់គ្រូបង្រៀនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ សម្រាប់ឆ្នាំ២០២៦ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្ស សតវត្សរ៍ទី២១» ឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់ គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយ ដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥតឈប់ឈរ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលទាមទារជាចាំបាច់ឱ្យគ្រូបង្រៀនត្រូវមានស្តង់ដាវិជ្ជាជីវៈរឹងមាំ ពោលគឺ ចំណេះដឹងវិជ្ជាជីវៈ បំណិនវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ សីលធម៌វិជ្ជាជីវៈ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញបេសកកម្ម រហូតទទួលបានជោគជ័យ ក្នុងការបិទបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅគ្រប់ភូមិសិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ជោគជ័យនេះ ត្រូវបានស្តែងឡើងយ៉ាងច្បាស់តាមរយៈលទ្ធផលល្អប្រសើរនៃការប្រឡងបាក់ឌុប ប្រឡងអប់រំបច្ចេកទេស និងលទ្ធផល PISA 2025 ដ៏គួរឱ្យស្ងប់ស្ញែង។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តកំណែទម្រង់សាលារៀន តាមរយៈស្តង់ដាសាលារៀនគំរូ នៅគ្រប់កម្រិត និងកំណែទម្រង់គ្រូបង្រៀន ពិតជាបានបង្កើតផ្លែផ្កាជាវិជ្ជមាន យ៉ាងពិតប្រាកដដល់ការសិក្សារបស់សិស្សានុសិស្ស»៕

To Top