កូរ៉េខាងជើង រិះគន់ការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ និងបានសន្យាបន្តគាំទ្ររុស្ស៊ី
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃពុធថា ប្រទេស កូរ៉េខាងជើងបានរិះគន់ សហរដ្ឋអាមេរិកជុំវិញការលក់អាវុធ និងការផ្តល់ការគាំទ្រ ផ្នែកយោធាដល់កោះតៃវ៉ាន់ ដោយចោទទីក្រុងវ៉ាស៊ីនតោន ថា បានបង្កើនភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា អត្ថបទវិភាគមួយរបស់ KCNA ដែលដកស្រង់សម្តីលោក Kim Myong Chol អ្នកវិភាគកិច្ចការអន្តរជាតិរបស់កូរ៉េខាងជើង បានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អត្ថបទវិភាគនោះបានថ្កោលទោសចំពោះវត្តមាននៃយន្តហោះចម្បាំងដែលលក់ដោយសហរដ្ឋអាមេរិកនៅលើកោះតៃវ៉ាន់ ដោយលើកឡើងថា សហរដ្ឋអាមេរិក «គួរតែពិចារណាឱ្យបានហ្មត់ចត់ថា តើខ្លួនត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីប្រឈមមុខដាក់គ្នា ដោយផ្ទាល់ជាមួយកម្លាំងជាតិដ៏ខ្លាំងក្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីជាថ្នូរនឹងសន្តិសុខរបស់កោះតៃវ៉ាន់ ហើយថាតើខ្លួនអាចទទួលយកផលវិបាកដែលនឹងកើតឡើងតាមក្រោយបានដែរឬទេ»។
យន្តហោះចម្បាំង F-16V Block 70 ស៊េរីថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុបចំនួន ៦៦ គ្រឿងដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន ខណៈដែលកោះតៃវ៉ាន់កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃពុធ មេដឹកនាំកូរ៉េខាងជើង លោក គីម បានសន្យាថា នឹងបន្តគាំទ្ររុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់ប្រទេសនេះ តាមរយៈសារជូនពរថ្ងៃកំណើតផ្ញើជូនប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា លោក គីម បានលើកឡើងថា ទីក្រុងព្យុងយ៉ាងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកក៏បានសម្តែងជំនឿចិត្តផងដែរថា “សង្គ្រាមដ៏ពិសិដ្ឋដើម្បីយុត្តិធម៌” របស់រុស្ស៊ី ក្នុងគោលបំណងការពារអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួននោះ នឹងបញ្ចប់ទៅដោយជោគជ័យ។
ប្រែសម្រួលៈ តុលា
