ព័ត៌មានអន្តរជាតិ

ឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក កើនឡើងលើសពីការរំពឹង ទុកនៅក្នុងខែសីហា

បរទេស៖ ឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែសីហា ដោយសារការនាំចូលបានកើនឡើង ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ស្របពេលដែលតម្រូវការក្នុងស្រុកមានភាពរឹងមាំ ដែលធ្វើឱ្យពាណិជ្ជកម្មបន្តក្លាយជាកត្តារារាំងដល់កំណើន សេដ្ឋកិច្ចនៅក្នុងត្រីមាសទីបី។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា ស្ថានភាពកាន់តែធ្លាក់ចុះនេះ ដែលត្រូវបានរាយការណ៍ដោយក្រសួង ពាណិជ្ជកម្មកាលពីថ្ងៃអង្គារ បានកើតឡើងទោះបីជាមានការដាក់ ពន្ធគយខ្ពស់លើទំនិញ នាំចូលដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក៏ដោយ ដែលវិធានការនេះ ត្រូវបានលោកអះអាងថា មានគោលបំណង កាត់បន្ថយគម្លាតពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានកត់ត្រាឱនភាព ពាណិជ្ជកម្មទំនិញក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មានជាមួយប្រទេសយ៉ាងហោចណាស់ចំនួនបី រួមទាំងប្រទេសម៉ិកស៊ិកផងដែរ។

អ្នកសេដ្ឋកិច្ចបានអះអាងជាយូរមកហើយថា សហរដ្ឋអាមេរិកមិនមានសមត្ថភាព ផលិតទំនិញបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ របស់ខ្លួននោះទេ ។ អ្នកសេដ្ឋកិច្ចមួយចំនួនបាន កែសម្រួលការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេសម្រាប់ត្រីមាសខែកក្កដា ដល់ខែកញ្ញាឱ្យទាបជាងមុន។

លោក Christopher Rupkey ប្រធានផ្នែកសេដ្ឋកិច្ចនៅ FWDBONDS បានមានប្រសាសន៍ថា៖ «គោលនយោបាយពាណិជ្ជកម្ម របស់រដ្ឋបាលអាមេរិក ភាគច្រើនគឺបរាជ័យ ហើយពន្ធគយលើពាណិជ្ជកម្ម មិនបានជួយកាត់បន្ថយការពឹងផ្អែករបស់អាមេរិក លើការនាំចូលទំនិញដែលផលិតនៅបរទេសនោះទេ។ តម្លៃកម្លាំងពលកម្មនៅអាមេរិកគឺខ្ពស់ពេកក្នុងការផលិតទំនិញក្នុងស្រុកក្នុងតម្លៃទាបល្មមដែលអ្នកប្រើប្រាស់អាចពិចារណាក្នុងការទិញបាន។ ទោះបីជាក្រុមហ៊ុន ផលិតរបស់អាមេរិកមានឆន្ទៈក៏ដោយ ក៏រោងចក្រមិនអាចសាងសង់បានលឿន គ្រប់គ្រាន់នៅទីនេះ ដើម្បីផលិតទំនិញដែលអ្នកប្រើប្រាស់ពឹងផ្អែកនោះដែរ»។

To Top