Feature

អ៊ីរ៉ង់​ ព្រមានថា​ នឹងធ្វើការវាយប្រហារមុនប្រសិនបើចាំបាច់ ដើម្បីទប់ស្កាត់ការវាយប្រហារពីសំណាក់សត្រូវ

តេអេរ៉ង់៖ លោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ បានឧ្យដឹងថា ប្រសិនបើចាំបាច់ ប្រទេសនេះនឹងធ្វើប្រតិបត្តិការយោធាជាមុនសិន​ ដែលមានន័យថា​ ការវាយប្រហារមុន ដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសំណាក់សត្រូវ។ 

លោកបានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Fars ដែលជាទីភ្នាក់ងារពាក់កណ្តាលផ្លូវការ ហើយត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ ដោយលោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​ ធ្លាប់បានធ្វើប្រតិបត្តិការបែបនេះរួចមកហើយប្រឆាំងនឹងសត្រូវ។ 

លោកបានលេីកឡេីងថា ប្រទេសនេះបានផ្លាស់ប្តូរគោលលទ្ធិយោធារបស់ខ្លួនពីការការពារខ្លួនទៅជាការវាយប្រហារវិញ ហើយបានអនុវត្តតាមគោលលទ្ធិនេះនៅក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោកបានកត់សម្គាល់ថា ក្នុងចំណោមប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​ ផ្អែកលើគោលលទ្ធិថ្មីនេះ រួមមានការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែងក្នុងប្រទេសហ្ស៊កដានី កាលពីចុងខែកក្កដា ក៏ដូចជាការវាយប្រហារជាច្រើនលើកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុម «ប្រឆាំងបដិវត្តន៍ និងក្រុមបំបែកខ្លួន» ដែលឈរជើងនៅក្នុងតំបន់ស្វយ័តផ្នែកខ្លះនៃតំបន់ឃើដឌីស្ថាន ក្នុងប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top