ព័ត៌មានអន្តរជាតិ

ប្រភពនានាឱ្យដឹងថា សហរដ្ឋអាមេរិកសង្ឃឹមថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូត អាចធ្វើឱ្យទីក្រុងមូស្គូ «បន្ទន់ឥរិយាបថ» ជុំវិញការចរចាសន្តិភាព

បរទេស៖ ប្រភពចំនួនបីដែលដឹងពីកិច្ចប្រជុំនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បេសកជនរបស់ប្រធានាធិបតី Donald Trump បានប្រាប់មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការនាំ ចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញរុស្ស៊ីឱ្យត្រឡប់មកតុចរចាវិញ បន្ទាប់ពីការប៉ុនប៉ងពីមុនៗក្នុងការចាប់ផ្តើមកិច្ចពិភាក្សាប្រកបដោយនិរន្តរភាពដើម្បីបញ្ចប់សង្គ្រាមបានបរាជ័យ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ប្រភពពីរក្នុងចំណោមប្រភពទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក Steve Witkoff ដែលជាបេសកជនរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោក បានប្រាប់ភាគីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង Miami ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ ឆ្នាំកន្លះនៅអ៊ុយក្រែននោះទេ ប៉ុន្តែកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីសប្តាហ៍មុនអាចជួយចាប់ផ្តើមកិច្ចពិភាក្សាត្រីភាគីឡើងវិញបាន។

ប្រភពទីបីបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ភាគីអ៊ុយក្រែនថា កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតនេះអាចជួយ “បន្ទន់” ជំហររបស់ទីក្រុងមូស្គូ ដោយសារវាជាការ “បញ្ជូនសញ្ញាថា លោក Trump បើកចំហក្នុងការធ្វើកិច្ចការនានា” ជាមួយរុស្ស៊ី។

កិច្ចព្រមព្រៀងនោះ ដែលរុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ២,២៥ លានបារ៉ែលដល់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារពិភពលោក បានបង្កឱ្យមានការរិះគន់ពីសមាជិកសភាអាមេរិកមួយចំនួន ដោយពួកគេលើកឡើងថា វាផ្តល់ប្រាក់ចំណូលដល់ទីក្រុងមូស្គូដើម្បីបន្តសង្គ្រាម ដោយមិនបង្ខំឱ្យលោក Putin ធ្វើការសម្បទានណាមួយដើម្បីបញ្ចប់ជម្លោះនោះទេ។ កាលពីថ្ងៃចន្ទ លោក Trump បានការពារកិច្ចព្រមព្រៀងនេះជាសាធារណៈ ដោយហៅវាថាជា “ជម្រើសដ៏ត្រឹមត្រូវសម្រាប់ប្រជាជនអាមេរិក”។

លោក Trump និយាយថា កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយតម្លៃថាមពលនៅសហរដ្ឋអាមេរិក ដែលបានក្លាយជាបញ្ហាចោទផ្នែកនយោបាយសម្រាប់គណបក្សសាធារណរដ្ឋរបស់លោក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់ ដែលនឹងកំណត់ថាគណបក្សណានឹងគ្រប់គ្រងសភា។
ប្រែសម្រួលៈ តុលា

To Top