ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជា-អាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពល កិច្ចប្រតិបត្តិការសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា-អាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពល កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពេញលេញ និងកសាងភាពជាដៃគូ ដែលមានភាពរស់រវើក និងផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ សម្តេចធិបតី មានប្រសាសន៍ថា សម្តេច និងប្រធានាធិបតីអាស៊ែបៃហ្សង់ បានធ្វើជាសាក្សី នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងស្វែងរកមធ្យោបាយថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

សម្តេចធិបតីបន្តថា ទោះបីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែប្រទេសទាំងពីរ នៅមានសក្តានុពលជាច្រើន សម្រាប់ពង្រីកបន្ថែម ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គួរផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មមុខទំនិញ និងសេវាកម្ម សម្រាប់ការធ្វើពាណិជ្ជកម្ម និងការជំរុញការផ្លាស់ប្តូរធុរកិច្ចទៅធុរកិច្ច និងស្វែងរកវិស័យថ្មីៗនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យសាធារណៈ និងឯកជន កម្ពុជា និងអាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញលេញ និងកសាងភាពជាដៃគូដែលមានភាពរស់រវើក និងផលប្រយោជន៍ទៅវិញទៅមក។ ចំពោះការវិនិយោគ ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើង អំពីបរិយាកាសធុរកិច្ច និងឱកាសរបស់ប្រទេសទាំងពីរ។

សម្តេចធិបតីបន្ថែមថា កម្ពុជា និង អាស៊ែបៃហ្សង់ មានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក ដែលផ្តល់សក្តានុពលយ៉ាងខ្លាំងក្លា សម្រាប់ស្ថានភាពពាណិជ្ជកម្ម ខណៈអាស៊ែបៃហ្សង់ មានភាពលេចធ្លោក្នុងវិស័យថាមពល គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល រីឯកម្ពុជាមានវិស័យកម្មន្តសាល ប្រកបដោយចីរភាព វិស័យកសិកម្មដ៏ល្អប្រសើរ កម្លាំងពលកម្មវ័យក្មេង ដែលងាយសម្របខ្លួន ការចាប់យកថាមពលស្អាតកាន់តែច្រើន និងការទទួលបានអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងតំបន់ ៕

To Top