ព័ត៌មានជាតិ

សម្តេចធិបតី និងលោក ប្រាក់ សុខុន កំពុងបំពេញបេសកកម្មការទូត លើឆាកអន្តរជាតិយ៉ាងសកម្មភាព

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកប្រាក់ សុខុន ប្រមុខការទូតកម្ពុជាកំពុងបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិយ៉ាងសកម្ម និងរស់រវើក។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា សម្តេចធិបតី អមដោយលោកជំទាវបណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់កំពុងបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន៣ គឺសាធារណរដ្ឋ អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ។ ដំណើរទស្សនកិច្ចនេះ មានគោលដៅពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ និងស្វះស្វែងរកការទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លោកបន្តថា ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមទៀតដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើដំណើរទៅដល់ទីក្រុងឡាអេ នៃប្រទេសហូឡង់ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ ផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០២៦ ។

អ្នកនាំពាក្យបញ្ជាក់ថា “ដំណើរបេសកកម្មការទូតនៅលើឆាកអន្តរជាតិរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជានាពេលនេះ គឺជាសកម្មភាពការទូតសកម្មរស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បីស្វះស្វែងរកការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងនាំប្រយោជន៍ដល់ជាតិ មាតុភូមិលើគ្រប់វិស័យ និងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា” ៕

To Top