ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេង របស់ឥណ្ឌា២គ្រឿង ត្រូវរងការវាយប្រហារនៅសមុទ្រក្នុងប្រទេសអូម៉ង់ និងនៅច្រកសមុទ្រ ហ័រមូស បណ្តាលឱ្យឆេះ និងបាត់ខ្លួននាវិក២នាក់

បរទេស៖ នាវិកជនជាតិឥណ្ឌាពីរនាក់បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារនៅឯនាយឆ្នេរសមុទ្រ របស់ប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យ។ នាវាដឹកប្រេងមួយគ្រឿងទៀតក៏ត្រូវបានវាយប្រហារនៅថ្ងៃដដែលនោះដែរនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ប៉ុន្តែនាវិកជនជាតិឥណ្ឌានៅលើនាវានោះ មិនមានគ្រោះថ្នាក់អ្វីឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងញូវដេលី ក៏បានថ្កោលទោស ចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មទាំងពីរគ្រឿងនេះផងដែរ។

យោងតាមរបាយការណ៍ គឺ នាវា MT Petro Dolphin ដែលចុះបញ្ជីនៅប្រទេសនីការ៉ាហ្គា ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) នៅតំបន់ចតនាវា Sohar កាលពីថ្ងៃទី ១១ ខែតុលា។ លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ឥណ្ឌា បានឱ្យដឹងថា ក្នុងចំណោមនាវិកជនជាតិឥណ្ឌា ១១ នាក់ គឺមាន ៩ នាក់ត្រូវបានជួយសង្គ្រោះ និងមានសុវត្ថិភាព ខណៈដែលកងការពារឆ្នេរសមុទ្រ របស់អូម៉ង់កំពុងស្វែងរកនាវិក ២ នាក់ទៀត។

នាវាដឹកប្រេងមួយគ្រឿងទៀតគឺ MT Valthera ដែលចុះបញ្ជីនៅកោះម៉ាស្សាល់ (Marshall Islands) ក៏ត្រូវបានវាយប្រហារដោយវត្ថុមិនស្គាល់ អត្តសញ្ញាណមួយ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសនៅថ្ងៃដដែលនោះ ដែលបណ្តាលឱ្យមានអគ្គិភ័យឆេះនៅលើនាវា ប៉ុន្តែក្រុមនាវិកជនជាតិឥណ្ឌាទាំងអស់នៅលើនាវានោះត្រូវបានរាយការណ៍ថាមានសុវត្ថិភាព។

ទីក្រុងញូវដេលីបានអំពាវនាវឱ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់តាមរយៈកិច្ចសន្ទនា និងការទូត ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើនាវាពាណិជ្ជកម្ម បុគ្គលិកនាវា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវតែបញ្ឈប់។

To Top