Feature

លោកឃួន ផុនរតនៈ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអភិបាលក្រុងអឺយចុងប៊ូ ការពារពលរដ្ឋខ្មែរ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោកឃួន ផុនរតនៈ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយសាលាក្រុងអឺយចុងប៊ូ សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចការពារប្រជាពលរដ្ឋខ្មែរ ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Kim Won Ki អភិបាលក្រុងអឺយចុងប៊ូ សាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ ថ្លែងអំណរគុណ ដល់លោកអភិបាលក្រុង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់ ពិសេសតែងសហការផ្តល់ទីតាំង សម្រាប់សហគមន៍ខ្មែរប្រារព្ធពិធីបុណ្យធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

លោកទូតសង្កត់ធ្ងន់ថា អឺយចុងប៊ូ គឺជាតំបន់ជួបជុំដ៏សំខាន់របស់ប្រជាជនខ្មែរ ដែលរស់នៅក្នុងតំបន់នេះ និងតំបន់ជុំវិញ ។ ក្នុងន័យនេះ ឯកអគ្គរាជទូតសង្ឃឹមថា ស្ថានទូតកម្ពុជានឹងអាចបន្តធ្វើការយ៉ាងជិតស្និតជាមួយសាលាក្រុងអឺយចុងប៊ូ នាពេលខាងមុខ ក្នុងកិច្ចការពារប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់អឺយចុងប៊ូ និងតំបន់ជុំវិញ និងបានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាព ក្នុងការរៀបចំកម្មវិធីវប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ នាពេលខាងមុខ។

លើសពីនេះ លោកទូតក៏សង្ឃឹមថា ក្រុងអឺយចុងប៊ូ នឹងអាចពង្រីកចំណងសហប្រតិបត្តិការរវាងក្រុងអឺយចុងប៊ូ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់តំបន់ឧស្សាហកម្មរបស់ក្រុងអឺយចុងប៊ូ ទៅនឹងតំបន់ឧស្សាហកម្មនៅប្រទេសកម្ពុជា ពិសេសក្រុងព្រះសីហនុ ។

ជាកិច្ចឆ្លើយតប លោកអភិបាលក្រុងអឺយចុងប៊ូ ស្វាគមន៍ចំពោះប្រសាសន៍របស់ឯកឧត្តមឯកអគ្គរាជទូត និងសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលាក្រុងអឺយចុងប៊ូ និងស្ថានទូត និងរវាងសាលាក្រុងអឹយចុងប៊ូ និងប្រទេសកម្ពុជា។ លោក Kim បន្តថា លោកនឹងបង្កើនការយកចិត្តទុកដាក់ចំពោះការការពារសុខសុវត្ថិភាពរបស់ សហគមន៍ខ្មែរ ដែលរស់នៅក្នុងតំបន់អឺយចុងប៊ូ និងនៅតំបន់នានាក្បែរតំបន់អឺយចុងប៊ូ៕

To Top