ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ អភិបាលក្រុងយ៉ាងជូ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Jeong Deok-young អភិបាលក្រុងយ៉ាងជូ នៅសាលាក្រុងយ៉ាងជូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួបឯកអគ្គរាជទូតបានលើកឡើងនូវចំណុចពិភាក្សាចំនួន៣ រួមមាន ៖ ទី១. ការពង្រឹងចំណងសហប្រតិបត្តិការរវាងស្ថានទូត និងសាលាក្រុងយ៉ាងជូ , ទី២. ការពង្រីកចំណងសហប្រតិបត្តិការរវាងក្រុងយ៉ាងជូ និងក្រុង-ខេត្តណាមួយរបស់ប្រទេសកម្ពុជា លើកិច្ចសហការជាអន្តរវិស័យ រួមមានកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម និងទី៣. កិច្ចសហការលើការគាំពារដល់សុខមាលភាព និងផលប្រយោជន៍របស់ពលករ និងសហគមន៍ខ្មែរដែលកំពុងរស់នៅ និងបំរើការងារក្នុងតំបន់យ៉ាងជូ ។

ជាការឆ្លើយតប លោកអភិបាលក្រុងយ៉ាងជូ បានប្រាប់ឯកអគ្គរាជទូតថា សាលាក្រុងយ៉ាងជូ នឹងសហការធ្វើការយ៉ាងជិតស្និត ជាមួយស្ថានទូតក្នុងការផ្លាស់ប្តូរព៌ត័មាន អំពីសុខទុក្ខរបស់ប្រជាជានខ្មែរ ដែលរស់នៅក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមរបស់ពួកគេឱ្យបានទាន់ពេលវេលា ។ លោកសង្ឃឹមថា នឹងអាចមានឱកាសស្វែងយល់បន្ថែមអំពីសក្តានុពលវិនិយោគរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយជូនដល់វិនិយោគិន និងពាណិជ្ជករកូរ៉េ ក្នុងក្រុងយ៉ាងជូ ដើម្បីឱ្យពួកគេទទួលបាននូវឱកាសថ្មី សម្រាប់វិនិយោគ និងស្វែងរកដៃគូក្នុងប្រទេសកម្ពុជា ៕





