Feature

ពិធីចុះបឋមសិលា កសាងអគារសិក្សា មួយខ្នង កម្ពស់បីជាន់ស្មើនឹង១២បន្ទប់

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល បានរៀបចំនៅពិធីចុះបឋមសិលា កសាង អគារសិក្សាមួយខ្នង ដែលមានកម្ពស់បីជាន់ស្មើនឹង ១២ បន្ទប់ មានទីតាំងនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការ ចូលរួម ពីលោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោក ខាន់ស៊ូយ៉ង (KANG SOOH YEONM) ប្រធានតំបន់ឆងបុ៊ក នៃសាធាណ:រដ្ឋកូរ៉េ ព្រមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងមន្ត្រីមូលដ្ឋានក្នុងសង្កាត់ក្របីរៀលផងដែរ។

លោក សេក សិត នាយកសាលា នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យក្របីរៀល បានលើកឡើងថា សាលាពិតជាមានសេចក្ដីត្រេកអរ នឹងបានអរគុណ ដល់ម្ចាស់ជំនួយរបស់សមាគមឡាយអិនក្លឹប ដែលបានជួយសាងសង់នូវអគារសិក្សាបន្ថែមចំនួន ១២ បន្ទប់ទៀតផងដែរ។ ក្នុងនោះលោកនាយកសាលា ក៏បានបញ្ជាក់បន្ថែមទៀតថា សាលាកំពុងតែមានការខ្វះខាតនៅថវិកាមួយចំនួន ដើម្បីទិញដីពង្រីកទីធ្លាបន្ថែមទៀត ដើម្បីឲ្យសាលាមានភាពធំទូលាយ និងរៀបចំជាកន្លែងហាត់កីឡា ការដាំដំណាំ នឹងធ្វើការសាងសង់នៅអគារបន្ថែមទៀតផងដែរ។

លោកខាន់ ស៊ូយ៉ុង (KANG SOOH YEONM) បានលើកឡើងថា នេះគឺជាលើកទី១២ ហើយ ដែលសមាគមឡាយអិនក្លឹបនៃសាធារណរដ្ឋកូរ៉េ បាននាំយកជំនួយដើម្បីមកជួយសាងសង់អាគារសិក្សាដែលមានកម្ពស់បីជាន់ស្មើរនឹង12 បន្ទប់ ដោយសមាគមបានមើលឃើញថា សាលាគឺមានការខ្វះខាតនៅអាគារសិក្សាបន្ថែមទៀត ដោយសារមានកំណើនសិស្សានុសិស្សមកសិក្សារៀនសូត្រនៅទីនេះមានចំនួនច្រើន។

ឆ្លៀតក្នុងឱកាសនោះលោកឌីរ៉ាដូ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថា ក្រោយពីយើងបានបញ្ចប់ការបញ្ចុះបឋមសិលា រួចអាគារនេះនឹង ត្រូវចាប់ផ្ដើមសាងសង់ ហើយនេះគីជាសមិទ្ធផលថ្មីមួយទៀត នៃការកកើតនៅអគារសិក្សាថ្មី ដើម្បីជួយសម្រួលដល់ ក្មួយៗប្អូនៗសិស្សានុសិស្ស ជួយអោយបន្ទប់សិក្សាបន្ថែមទៀត ដោយមិនខ្លាចខ្វះខាតនៅបន្ទប់សិក្សារៀនសូត្រ ។
លោកបានបន្តទៀតថា សាលាគឺជាថ្នាលបណ្ដុះបណ្ដាល នៅចំណេះដឹង នឹងចំណេះវិជ្ជា ដូច្នេះហើយសូមប្អូនៗក្មួយៗ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងក្រេបយកចំណេះដឹងឲ្យបានគ្រប់ៗគ្នា។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top