Feature

សមាគមទេសចរណ៍ អាស៊ែបៃហ្សង់ ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ច ស្វែងយល់ពីសក្តានុពល ទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សមាគមទេសចរណ៍ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់​​​ ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍​ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិក ជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់ ។

តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានព្រមព្រៀង លើការរៀបចំទស្សនកិច្ចស្វែងយល់ ពីសក្តានុពលទេសចរណ៍ និង កាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួល របស់ក្រសួងទេសចរណ៍ ភា្ជប់ទំនាក់ទំនង ជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីឱ្យសមាគម ទេសចរណ៍ទេសចរណ៍ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ​ និងវិនិយោគិននៃប្រទេសទាំងពីរ ។​

ការជួបពិភាក្សារបស់លោក ហួត ហាក់ និងប្រធានសមាគមទេសចរណ៍ខាងលើនេះ ធ្វើឡើងក្នុងឱកាសអម ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និង សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ច ប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៕

To Top