ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ ទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលផ្លោង Fatah-2 ដែលមានរយៈចម្ងាយហោះហើរឆ្ងាយ

អ៊ីស្លាម៉ាបាដ៖​ យោងតាមកងទ័ពប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសប៉ាគីស្ថាន​ បានធ្វើតេស្តបាញ់បង្ហោះ ដោយជោគជ័យនូវប្រព័ន្ធមីស៊ីល ផ្លោង Fatah-2 កំណែដែលមានរយៈចម្ងាយហោះហើរឆ្ងាយ កាលពីថ្ងៃអង្គារ។

ស្ថាប័នទំនាក់ទំនងសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ ដែលជាផ្នែកព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ប្រព័ន្ធអាវុធ Fatah-2 ដែលមានរយៈចម្ងាយហោះហើរឆ្ងាយនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធរុករក និងប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ដ៏ទំនើប ហើយត្រូវបានរចនាឡើង​ ដើម្បីវាយប្រហារគោលដៅដោយភាពជាក់លាក់ខ្ពស់។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រព័ន្ធនេះមានសមត្ថភាពផ្លាស់ប្តូរគន្លងហោះហើរតាមបែបពិសេស ដែលអនុញ្ញាតឱ្យវាអាចគេចផុតពីប្រព័ន្ធការពារមីស៊ីលបាន។

ប្រព័ន្ធអាវុធ ដែលមានរយៈចម្ងាយហោះហើរឆ្ងាយនេះ ត្រូវបានគេរំពឹងថា​ នឹងជួយបង្កើនសមត្ថភាព របស់កងទ័ពប៉ាគីស្ថានបន្ថែមទៀត ក្នុងការវាយប្រហារគោលដៅ​ ដែលមានចម្ងាយកាន់តែឆ្ងាយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top