មន្ត្រីជាន់ខ្ពស់បង្ហើបថា អ៊ីរ៉ង់ប្តូរយុទ្ធសាស្ត្រ វាយប្រហារតាមសមុទ្រ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតអាមេរិក
បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ប្រទេសអ៊ីរ៉ង់កំពុងដាក់ពង្រាយ យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅវាយប្រហារលើនាវា ដែលធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងរក្សាតម្លៃប្រេង ឱ្យនៅកម្រិតខ្ពស់ និងជះឥទ្ធិពលដល់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ទីក្រុងតេហេរ៉ង់ បានព្យាយាមពង្រីកឥទ្ធិពលគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz នេះ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយ ប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ។ អ៊ីរ៉ង់បានដាក់កម្រិតលើការ ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ ដែលធ្លាប់ជាតំបន់ទទួលបន្ទុកប្រហែលមួយភាគប្រាំ នៃពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិរាវសកល មុនពេលមានសង្គ្រាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកប្រៀបលើទីក្រុងវ៉ាស៊ីនតោន។
ការគំរាមកំហែង និងការវាយប្រហាររបស់អ៊ីរ៉ង់ បានកាត់បន្ថយចរាចរណ៍ផ្លូវទឹកតាមច្រកសមុទ្រនេះយ៉ាងខ្លាំង ដែលជួយរុញច្រានឱ្យតម្លៃប្រេងហក់ឡើង ទោះបីជាមានប្រេងមួយចំនួននៅតែបន្តធ្វើការដឹកជញ្ជូនឆ្លងកាត់ក៏ដោយ។
មន្ត្រីទាំងពីររូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីយុទ្ធសាស្ត្រថ្មីនេះទេ ប៉ុន្តែមន្ត្រីម្នាក់បានបញ្ជាក់ថា អ៊ីរ៉ង់បានចាប់ផ្តើមប្រើប្រាស់ យុទ្ធសាស្ត្រវាយលុកខុសៗគ្នា ប្រឆាំងនឹងនាវាណា ដែលខ្លួនចាត់ទុកថា បានបំពានលើការ រឹតបន្តឹង របស់ខ្លួន កាលពីប្រហែល ១០ ថ្ងៃមុន ដោយបន្ថែមថាសកម្មភាពនេះ បាននាំឱ្យមានការកើនឡើង នូវការវាយប្រហារលើនាវាទាំងនោះ។
ពួកគេបានបញ្ជាក់ថា យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រភេទ និងល្បឿននៃការវាយប្រហារ ដោយគោលដៅចម្បងមួយក្នុងចំណោមនោះ គឺដើម្បីជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីរបានលើកឡើងថា៖ “គោលបំណងគឺដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការទម្លាក់តម្លៃប្រេង នៅលើទីផ្សារសកល”។
មន្ត្រីទាំងនេះបានឱ្យដឹងទៀតថា សេចក្តីសម្រេច ក្នុងការអនុម័តយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានធ្វើឡើងនៅកម្រិតកំពូល នៃថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ និងត្រូវបានសម្របសម្រួលយ៉ាងពេញលេញ ទូទាំងប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស។
ប្រែសម្រួល៖ គីរី
