លោក ខូយ រីដា ចុះសួរសុខទុក្ខអ្នកជំងឺ ដែលត្រូវបានជម្លៀស ទៅកាន់ទីស្នាក់ការ គណបក្សប្រជាជនស្រុកក្រគរ និងពិនិត្យការខូចខាត មន្ទីរពេទ្យបង្អែក ដោយសារជំនន់ទឹកភ្លៀង
ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលត្រូវបានជម្លៀសចេញ ពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ទៅស្នាក់នៅបណ្តោះអាសន្ន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ព្រមទាំងចុះពិនិត្យស្ថានភាពជាក់ស្តែង និងការខូចខាតនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជន់លិច ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ការចុះពិនិត្យ និងសួរសុខទុក្ខនេះ បានធ្វើឡើងក្នុងស្ថានភាពដែលជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់មន្ទីរពេទ្យបង្អែកស្រុកក្រគរ ធ្វើឱ្យការប្រកបសេវាសុខាភិបាលជួបការលំបាក និងតម្រូវឱ្យមានការរៀបចំជម្លៀសអ្នកជំងឺទៅកាន់ទីតាំងដែលមានសុវត្ថិភាព ដើម្បីបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានអញ្ជើញជួបសំណេះសំណាល និងសួរនាំអំពីសុខភាព ស្ថានភាពស្នាក់នៅ ព្រមទាំងតម្រូវការចាំបាច់របស់អ្នកជំងឺដែលត្រូវបានជម្លៀសមកស្នាក់នៅបណ្តោះអាសន្ននៅទីស្នាក់ការគណបក្សប្រជាជនស្រុកក្រគរ។ ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺក្នុងពេលមានគ្រោះអាសន្ន គឺជាកិច្ចការសំខាន់ ដើម្បីធានាថា អ្នកជំងឺអាចបន្តទទួលបានការថែទាំសុខភាព និងការគាំទ្រចាំបាច់ ទោះបីជាមានការផ្លាស់ប្តូរទីតាំងស្នាក់នៅដោយសារគ្រោះធម្មជាតិក៏ដោយ។

បន្ទាប់មក លោក អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដើម្បីពិនិត្យផលប៉ះពាល់ និងការខូចខាតដែលបណ្តាលមកពីទឹកជន់លិច។ ការចុះពិនិត្យនេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដើម្បីពិនិត្យលទ្ធភាពដោះស្រាយបញ្ហាបន្ទាន់ និងរៀបចំវិធានការចាំបាច់ក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខាភិបាល ក្រោយស្ថានភាពទឹកជំនន់មានភាពធូរស្រាល។

ជាមួយគ្នានេះ ការសម្របសម្រួលរបស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងការជម្លៀសអ្នកជំងឺចេញពីតំបន់ប្រឈមនឹងទឹកជំនន់ គឺជាកិច្ចការដ៏ចាំបាច់ក្នុងការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលត្រូវការការថែទាំសុខភាពជាប្រចាំ។ ការតាមដានស្ថានភាពទឹកជំនន់ និងការវាយតម្លៃផលប៉ះពាល់លើមន្ទីរពេទ្យ ក៏ជាកត្តាសំខាន់ក្នុងការត្រៀមលក្ខណៈឆ្លើយតប និងស្តារសេវាសុខាភិបាលឱ្យដំណើរការឡើងវិញបានឆាប់រហ័ស។

សកម្មភាពចុះសួរសុខទុក្ខអ្នកជំងឺ និង ពិនិត្យការខូចខាតមន្ទីរពេទ្យបង្អែកស្រុកក្រគរនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងការដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះធម្មជាតិ ព្រមទាំងការជំរុញ ឱ្យមានការសម្របសម្រួល និងចាត់វិធានការសមស្រប ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ និងការបន្តផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។







អត្ថបទនេះ ដោយ÷ ខេម៉ា / ដើមអម្ពិល
