ព័ត៌មានអន្តរជាតិ

បុរីវ៉ាទីកង់ ប្រកាសពីភាពជោគជ័យ នៃការវះកាត់មហារីកសួត របស់សម្តេចប៉ាប Leo XIV

ទីក្រុងវ៉ាទីកង់ ៖ យោងតាមព្រឹត្តិបត្រព័ត៌មាន វេជ្ជសាស្ត្ររបស់បុរីវ៉ាទីកង់ បានឱ្យដឹងថា សម្តេចប៉ាប (Pope) Leo XIV ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកសួត ប៉ុន្តែទ្រង់បានទទួលការវះកាត់ដោយជោគជ័យ ក្នុងការកាត់ចេញនូវផ្នែកខាងក្រោម នៃសួតខាងស្តាំរបស់ទ្រង់ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន BBc ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។
​
សម្តេចប៉ាបព្រះជន្ម ៧១ ព្រះវស្សាអង្គនេះ បានទទួលការវះកាត់រយៈពេល ៩០ នាទីកាលពីថ្ងៃអង្គារ នៅឯមន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម ហើយក្រោយមកត្រូវបានធ្វើរោគ វិនិច្ឆ័យបញ្ជាក់ថា មានជំងឺមហារីកសួតប្រភេទ Adenocarcinoma។ វ៉ាទីកង់បានបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យ ដោយគ្មានផលវិបាកនោះទេ ហើយទ្រង់បានភ្ញាក់ដឹងខ្លួនជាធម្មតា និងត្រឡប់ទៅបន្ទប់សម្រាកវិញ ក្រោយការតាមដានរយៈពេលខ្លី ។

ដុំសាច់នេះត្រូវបានរកឃើញដំបូងក្នុងអំឡុងពេលនៃការពិនិត្យសុខភាពជាប្រចាំ (Routine checks)។ វ៉ាទីកង់បានបញ្ជាក់ថា ការកាត់ចេញសួតខាងស្តាំផ្នែកខាងក្រោមទាំងមូលនេះ គឺដើម្បី “ធានាថាប្រតិបត្តិការវះកាត់ត្រូវបានធ្វើឡើងយ៉ាងដាច់ស្រឡះ”។ ទន្ទឹមនឹងនេះ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ការធ្វើតេស្តបន្ថែមទៀត កំពុងត្រូវបានធ្វើឡើង ដើម្បីពិនិត្យមើលថាតើមានសញ្ញា នៃការរីករាលដាលនៃកោសិកាមហារីកនេះដែរឬទេ។

កាលពីថ្ងៃអាទិត្យ សម្តេចប៉ាប Leo XIV បានប្រកាសអំពីការវះកាត់របស់ទ្រង់ដោយផ្ទាល់ទៅកាន់ពិភពលោក ពីលើរានហាលក្នុងទីលាន St. Peter បន្ទាប់ពីការប្រទានពរ Angelus។ ទ្រង់មានបន្ទូលថា ដុំសាច់នេះត្រូវបានរកឃើញ “នៅដំណាក់កាលដំបូងបំផុត” ប៉ុន្តែគ្រូពេទ្យបានណែនាំឱ្យកាត់វាចេញ
បុរីវ៉ាទីកង់បានសង្កត់ធ្ងន់ថា ទ្រង់ជាទូទៅមានសុខភាពល្អមាំមួន និងមិនមានរោគសញ្ញានៃការឆ្លងមេរោគអ្វីឡើយ។ មុនពេលវះកាត់ មានហ្វូងមនុស្សយ៉ាងច្រើនបានរង់ចាំនៅខាងក្រៅមន្ទីរពេទ្យ ដោយស្រែកអបអរ និងជូនពរ ខណៈទ្រង់បានគ្រវីដៃ និងញញឹមតបវិញពីក្នុងរថយន្ត។ នៅពេលជួបជាមួយបុគ្គលិកពេទ្យ ដែលបានសម្តែងក្តីព្រួយបារម្ភ សម្តេចប៉ាបគ្រាន់តែញញឹម និងគ្រវីស្មាដោយក្តីសង្ឃឹម។

កាលវិភាគការងាររបស់សម្តេចប៉ាប ត្រូវបានផ្អាករហូតដល់ថ្ងៃទី២០ ខែតុលា ដើម្បីទុកពេលឱ្យទ្រង់សម្រាកព្យាបាល ដោយគ្រោងនឹងបន្តស្នាក់នៅមន្ទីរពេទ្យប្រហែលមួយសប្តាហ៍។
​គួរបញ្ជាក់ផងដែរថា លោកខាឌីណាល់ Kikuchi Tarcisio Isao នៃទីក្រុងតូក្យូ ដែលទើបបានចូលគាល់សម្តេចប៉ាបកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ការសម្រេចចិត្តវះកាត់ភ្លាមៗនេះ គឺដោយសារទ្រង់មានបំណងចង់ឆាប់ជាសះស្បើយ ដើម្បីអាចបន្តគម្រោងធ្វើដំណើរទៅកាន់តំបន់អាមេរិកឡាទីននៅដើមខែវិច្ឆិកា។ ការធ្វើដំណើរនេះមានសារៈសំខាន់ណាស់ ព្រោះវារួមបញ្ចូលទាំងការបំពេញទស្សនកិច្ចនៅប្រទេសប៉េរូ ដែលជាកន្លែងដែលសម្តេចប៉ាបធ្លាប់ធ្វើជាអ្នកផ្សព្វផ្សាយសាសនា និងជាប៊ីស្សពអស់រយៈពេលជាច្រើនឆ្នាំ។

ប្រែសម្រួល៖ គីរី

To Top