Feature

អភិបាលរង រាជធានីភ្នំពេញ បញ្ជាក់ថា ការបូជាសព ត្រូវបានអនុញ្ញាត នៅតាមបណ្តាវត្ត នៅជាយរាជធានីភ្នំពេញតែប៉ុណ្ណោះ

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការបូជាសព ត្រូវបានអនុញ្ញាតឱ្យធ្វើឡើង នៅតាមវត្តអារាមដែលនៅជាយរាជធានីភ្នំពេញ តែប៉ុណ្ណោះ ។

ការលើកឡើងរបស់លោកអភិបាលរង សុខ ពេញវុធ ខាងលើនេះ ធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានសំណូមពរដល់អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជួយបញ្ឈប់ការបូជាសព នៅក្នុងវត្តស្រះចក ដោយពិបាកទ្រាំនឹងក្លិនផ្សែង ដែលនាំឱ្យប៉ៈពាល់សុខភាព ។

ប្រជាពលរដ្ឋ ដែលបានលើកសំណូមពរខាងលើនេះដែរ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នំា២០២៦ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយនឹងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងវេទិកានោះ លោក អ៊ឹង តារា ដែលជាប្រជាពលរដ្ឋ នៅសង្កាត់ស្រះចក បានបញ្ជាក់ថា នៅពេលមានការបូជាសពម្តងៗ ប្រជាពលរដ្ឋរស់នៅក្បែរទីតំាងវត្តស្រះចក ពិបាកទ្រាំនិងក្លិនផ្សែងឈ្ងៀម ដែលធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅ របស់ពួកគាត់។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ​​ បានចេញសេចក្ដីជូនដំណឹងរួចហើយ​ មិនឱ្យមានការបូជាសព នៅតាមវត្តក្នុងខណ្ឌចំនួន៥ កណ្តាលរាជធានីភ្នំពេញឡើយ គឺលើកលែងតែឥស្សរៈជនជាន់ខ្ពស់ប៉ុណ្ណោះ។

ជាមួយគ្នានោះលោកអភិបាលរង បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បន្តកិច្ចសហការជាមួយព្រះគ្រូចៅ អធិការវត្ត ឱ្យអនុវត្តកិច្ចការនេះឱ្យបានត្រឹមត្រូវ ពិសេសត្រូវត្រួតពិនិត្យ ទប់ស្កាត់មិនត្រូវឱ្យមានការបូជាសព ដែលកើតជំងឺឆ្លង ដែលនាំឱ្យកាន់តែប៉ៈពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

លោក សុខ ពេញវុធ បានបញ្ជាក់ថា ការបូជាសព ត្រូវបានអនុញ្ញាត ឱ្យនៅតាមបណ្តាវត្តជាយរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានអ្នកចូលរួមជាង ៥០០នាក់ ក្នុងនោះ មានអ្នកឡើងសំណូមពរពីបញ្ហាផ្សេងចំនួន៥នាក់ ខណៈជាសំបុត្រមានជាង២០ច្បាប់៕

To Top